បាត់ដំបង÷ ប្រជាកសិករក្នុងខេត្តបាត់ដំបង បានសម្រុកការងារដាំដុះស្រូវប្រាំងជិត ៣ម៉ឺនហិកតានៅរដូវកាលនេះដើម្បីត្រៀមជាស្បៀងផ្គត់ផ្គង់បន្តនៅឆ្នាំខាងមុខទៀត។

លោក ឈឹម វជិរ៉ា ប្រធានកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២នេះថា÷ រដូវបង្កបង្កើនផលស្រូវរដូវប្រាំងគិតត្រឹមជិតពាក់កណ្តាលខែធ្នូនេះ បងប្អូនប្រជាកសិករនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បាននិងកំពុងមមាញឹកសម្រុកលើការងារដាំដុះស្រូវរដូវប្រាំងបន្តតាមរដូវកាលមានផ្ទៃដីសរុបចំនួន ២៥,៣៦៨ហិកតា ស្មើនឹង ៨០.៩១ភាគរយ នៃផែនការសរុបចំនួន ៣១, ៣៥៤ហិកតា។

ទូរលេខខាងដើមនេះកសិករស្ទើរតែស្រុងបានប្រកាន់យកពូជស្រូវដែលពេញនិយមជាងគេជាពូជស្រូវមានក្លិនក្រអូបប្រហើរ និងឆ្ងាញ់ពិសារចំនួន ២ប្រភេទមាន: ពូជស្រូវផ្ការំដួល ស្រូវម្លិះ និងពូជស្រូវ ៥៤៥១ ដែលជាពូជស្រូវដែលសម្តេចតេជោ ហ៊ុនសែន ផ្តល់ឲ្យកសិករសម្រាប់ដាំដុះស្តារឡើងវិញក្រោយប៉ះពាល់ដោយទឹកជំនន់។

មន្ត្រីជំនាញខាងលើបន្ថែមថា÷ នៅក្នុងចំណោមល្បឿនការងារបង្កបង្កើនផលនេះដែរ ប្រជាកសិករបានដាំដុះពូជស្រូវប្រភេទក្រអូបចំនួន ១១,១២២ហិកតា, ពូជស្រូវក្រអូប ៥៤៥១ ចំនួន ១២,៤៥៤ហិកតា ក្រៅពីនេះបងប្អូនប្រជាកសិករក៏នៅតែជ្រើសរើសដាំដុះពូជស្រូវចម្រុះធម្មតាតាមទម្លាប់ចាស់មួយចំនួនទៀតផងដែរ៕

អត្ថបទ៖ ដំបងក្រញូង

Share.