ខេត្តក្រចេះ៖ យុវជនពីរនាក់ជិះម៉ូតូចេញពីមើលល្ខោន​ ក៏ស្រាប់តែជួបយុវជនមួយក្រុមទៀត ​ជិះម៉ូតូតាមពីក្រោយ កាន់កាំបិតផ្គាក់តាមកាប់ តែម្ចាស់ម៉ូតដឹងខ្លួនទាន់ ក៏ផ្ដួល​ម៉ូតូ​រត់​គេចខ្លួននៅសល់តែម៉ូតូ ត្រូវក្រុមជនសង្ស័យកាប់ម៉ូតូជនរងគ្រោះខ្ទេច កាលពីវេលាម៉ោង​២៣ៈ០៥នាទីយប់ថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ២០២២ នៅចំណុចមុខសាលាក្រុងក្រចេះ ស្ថិតនៅភូមិអូរឫស្សី១ សង្កាត់អូរឫស្សី។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានចេញពីកន្លែងមើលគេលេងល្ខោន​ នៅចំណុចវត្ត​ស្វាយ​ជ្រះ ឃុំស្វាយជ្រះ ស្រុកស្នួល ចូលមកទីរួមខេត្តក្រចេះ ដោយបានជិះម៉តូ១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៨ ពាក់ស្លាក​លេខ ក្រចេះ​១D.​៧៩៣៣ ពេលជិះមកដល់ចំណុចសាលាវិទ្យាល័យខូវប៊ុនស៊ុន ក៏ឃើញជនសង្ស័យ៣នាក់​ ជិះម៉ូតូ១​គ្រឿង ម៉ាក Exciter ពណ៌ស ដេញតាមពីក្រោយ ដោយមានកាន់កាំបិតផ្គាក់១ដើម ដេញតាមកាប់លើពួកខ្លួន ដោយឃើញសភាពមិនស្រួល ទើបរូបឡគេបានផ្ដួលម៉ូតូហើយរត់គេចខ្លួនចេញពីកន្លែងកើតហេតុ ពេលនោះជនសង្ស័យ ក៏បានយក​កាំបិតផ្គាក់កាប់មកលើម៉ូតូខ្លួនតែម្ដងទៅ។

​ជនរងគ្រោះ​ ឈ្មោះ​ អឿន សុចិត្រា ភេទប្រស អាយុ១៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ ណន មេងហេង ភេទ​ប្រុស អាយុ១៦ អ្នកទាំង២ មានទីលំនៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ ចំណែកជនបង្កមាន​គ្នា៣​នាក់ ទី១-ឈ្មោះ ស្រាង អេ ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិអូរគ្រឿង ឃុំអូរគ្រឿង ស្រុកសម្បូរ ។ ទី២-ឈ្មោះ ភាព សុផៃ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ។ និងទី៣ឈ្មោះ សេង វ៉ាខេង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអូរគគី ឃុំដារ ស្រុកចិត្របុរី។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ បន្ទាប់ពីទទួលពាក្យបណ្តឹងភ្លាមៗ កម្លាំងអធិការ​​ដ្ឋាននគរបាលក្រុងក្រចេះ បានធ្វើការស្រាវជ្រាវរហូត​ឃាត់​ខ្លួន​ជនសង្ស័យចំនួន៣នាក់​ធ្វើការសាកសួរនៅថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ​២០២២​។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបាននាំយកទៅអធិការដ្ឋាននគរបាលក្រុងក្រចេះ​ ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

អត្ថបទ៖ ផ្នែកសង្គម

Share.