ក្រុមជម្រើសជាតិហ្វីលីពីន ក្រោមការដឹកនាំរបស់លោក Josep Ferré Ybarz បានធ្វើដំណើរមកដល់រាជធានីភ្នំពេញ តាមច្រកព្រលានយន្តហោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ពោលគឺមានរយ:ពេល៥ថ្ងៃ មុនប៉ះកម្ពុជា។

មុនធ្វើដំណើរមកប្រកួតបើកឆាកពូល A ជាមួយកម្ពុជា ក្នុងពានរង្វាន់ AFF Mitsubishi Electric Cup 2022 នៅថ្ងៃទី២០ ខែធ្នូ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតតេជោ ខាងមុខក្រុមជម្រើសជាតិហ្វីលីពីន បានប្រកួតចាញ់វៀតណាម ក្នុងលទ្ធផល ១-០ ការប្រកួតមិត្តភាពអន្តរជាតិ កាលពីល្ងាចម្សិលមិញ នៅប្រទេសវៀតណាម។

គួរដឹងថាកាលពីថ្ងៃទី៨ ខែធ្នូ សហព័ន្ធ​កីឡាបាល់ទាត់​ហ្វីលីពីន បានប្រកាស​តែងតាំងលោក Josep Ferré Ybarz ជនជាតិអេស្ប៉ាញ ​ជាគ្រូ​បង្វឹក​ថ្មី​របស់ក្រុម Azkals (Azkals ជារហស្សនាមរបស់ក្រុមជម្រើសជាតិហ្វីលីពីន) ដើម្បីជំនួសកៅអីលោក Thomas Dooley ដែលបានចាកចេញ។

ពានរង្វាន់ AFF Mitsubishi Electric Cup 2022 មាន១០ក្រុមចូលរួម បែងចែកជា២ពូល ដោយប្រកួតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២។ សម្រាប់ពូល A មានថៃ ហ្វីលីពីន ឥណ្ឌូណេស៊ី កម្ពុជា និងប្រ៊ុយណេ ខណ:ពូល B មានវៀតណាម ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា និងឡាវ៕

Share.