ការិយាល័យអាកាសធាតុកោះតៃវ៉ាន់បាននិយាយថា ការរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងកើតរបស់កោះតៃវ៉ាន់នាថ្ងៃ ព្រហស្បតិ៍ សប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍ ទី ១៥ ខែ ធ្នូ ឆ្នាំ ២០២២។

គ្រោះរញ្ជួយដីនេះ បានកើតឡើងនៅពាក់កណ្ដាលថ្ងៃត្រង់ មានចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រ Hualien ក្នុងជម្រៅរាក់គឺ ៦គីឡូម៉ែត្រក្រោមបាតសមុទ្រ។ បើតាមការស្ទាប់ស្ទង់ភូមិសាស្រ្តអាមេរិក បានរាយការណ៍ពីកម្រិតនៃការរញ្ជួយដីត្រឹមកម្រិតទាបជាង ៥.៩រ៉ិចទ័រ និង មានជម្រៅ ១២គីឡូម៉ែត្រ។

យ៉ាងណាម៉ិញ ភ្លាមៗមិនទាន់មានរបាយការណ៍អំពីការខូចខាត ឬ អ្នករងរបួស និង ស្លាប់ ដោយសារតែការរញ្ជួយដីនេះនៅឡើយទេ។

លោក Chen Kuo-chang ប្រធានមជ្ឈមណ្ឌលរញ្ជួយដីរបស់ការិយាល័យអាកាសធាតុបានប្រាប់អ្នកសារព័ត៌មានថា «ការរញ្ជួយដីនេះ បានអង្រួនអគារមួយចំនួននៅទីក្រុង តៃប៉ិ ថែមទៀតផង»។ លោក Chen បន្ដថា «រហូតមកដល់ពេលនេះមានគ្រោះរញ្ជួយដីចំនួន ៨លើកហើយ ហើយយើងរំពឹងថា នឹងមានគ្រោះរញ្ជួយដីបន្ថែមទៀតក្នុងរយៈពេល ៣ថ្ងៃខាងមុខ»។

សូមជម្រាបថា កោះតៃ​វ៉ាន់តែងតែទទួលរងការរញ្ជួយដីជាញឹកញាប់ ខណៈដែលកោះនេះស្ថិតនៅជិតចំណុចប្រសព្វគ្នារវាងផ្លាកទិចតូនិចចំនួន២ នៃស្រទាប់ផែនដីដែលជាហេតុនាំឲ្យដែនកោះនេះងាយនឹងរងគ្រោះរញ្ជួយដី។ ការរញ្ជួយដីមួយចំនួនដែលមានកម្រិត ៦.០រ៉ិចទ័រ ឬ ច្រើនជាងនេះ អាចបង្ហាញថា មានគ្រោះថ្នាក់ដល់ជីវិត ខណៈការរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ បានវាយប្រហារឆ្នេរសមុទ្រភាគខាងកើតរបស់កោះតៃវ៉ាន់ក្នុងខែ កញ្ញា ដោយបានសម្លាប់មនុស្សម្នាក់ និង ធ្វើឲ្យអគារមួយចំនួនបានដួលរលំ៕

ប្រភព៖ CNA

Share.