ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ចាប់​ផ្ដើមដំណើរការជាផ្លូវការ ចាប់​ពី​ថ្ងៃ​នេះ​តទៅហើយ ដោយមានរយៈពេលពេញ៣ថ្ងៃពីថ្ងៃទី១៦ ដល់ថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០២២ នៅសាលសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

តាមរយៈការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ មានកីឡាករ កីឡាការនី ចំនួន១៩០នាក់ មកពី ១៧​ប្រទេសក្នុងនោះ​មាន​អត្ត​ព​លិ​កនៃ​បណ្ដា​ប្រទេស​អាស៊ាន ដែល​ត្រូវ​ចូលរួម​ប្រកួត​ចំនួន ៧​ប្រទេសរួមមាន​ម្ចាស់ផ្ទះ​កម្ពុជា ឡាវ សិង្ហ​បុរី ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ និង​វៀតណាម ក្នុងវិញ្ញាសាដាក់ឲ្យប្រកួត មានដូច​ជា៖ វិញ្ញាសាក្រិចកូរ៉ូម៉ាំង១០ប្រភេទទម្ងន់, ចំបាប់សេរីនារី ១០ប្រភេទទម្ងន់ និងចំបាប់សេរីបុរស ១០ប្រភេទទម្ងន់។

លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ និងជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាទទួលបន្ទុកប្រធានក្រុមការងាររៀបចំការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍បានដាក់ក្តីសង្ឃឹមខ្ពស់លើអត្តពលិកកីឡាចំបាប់កម្ពុជានឹងអាចឈ្នះមេដាយ១០គ្រឿង ឬលើសពី១០គ្រឿង សម្រាប់ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ នៅកម្ពុជាលើក​នេះ។

លោកខេស៊ី បាណេត បាន​សង្គត់​ធ្ងន់ថា«ខ្ញុំរំពឹងថា អត្តពលិកកម្ពុជានឹងដណ្តើមបានមេដាយច្រើន ក្នុងនាមជាម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍នេះ។ ខ្ញុំសង្ឃឹមយ៉ាងហោចណាស់ ក៏ក្រុមជម្រើសជាតិកម្ពុជាឈ្នះមេដាយមាស៣គ្រឿង និងប្រាក់សំរឹទ្ធសរុបលើសពី១០»។ លោក ខេស៊ី បាណេត បានបន្ថែម»។

កម្មវិធីប្រកួត នឹងធ្វើឡើងតាមកាលបរិច្ឆេទ និងវិញ្ញាសាប្រកួត រួមមាន៖
-ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ពិនិត្យសុខភាព-ថ្លឹងទម្ងន់ លើវិញ្ញាក្រិចកូរ៉ូម៉ាំង១០ប្រភេទទម្ងន់ គឺ GR-55kg, 60kg, 63kg, 67kag, 72kg, 77kg, 82kg, 87kg, 97kg, 130kg។

-ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ពិនិត្យសុខភាព-ថ្លឹងទម្ងន់ លើវិញ្ញាសាចំបាប់សេរីនារី (Women Wrestling) ដោយមាន១០ប្រភេទទម្ងន់ គឺ WW-50kg, 53kg, 55kg, 57kg, 59kg, 62kg, 65kg, 68kg, 72kg, 76kg។

-ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ពិនិត្យសុខភាព-ថ្លឹងទម្ងន់ លើវិញ្ញាសាចំបាប់សេរីបុរស (Freestyle) ក្នុងប្រភេទទម្ងន់ FS-57kg, 61kg, 65kg, 70kg, 74kg, 79kg, 86kg, 92kg, 97kg, 125kg។

ក្នុងរយៈពេល៣ថ្ងៃនេះ នឹងត្រូវពិនិត្យសុខភាព-ថ្លឹងទម្ងន់ ចាប់ពីម៉ោង ៨:០០-៨:៣០ ហើយចាប់ពីម៉ោង ១០:០០ ដល់ម៉ោង ១៣:៣០ ប្រកួតជម្រុះ និងចាប់ពីម៉ោង ១៦:០០ ដល់ម៉ោង ១៩:០០ ប្រកួតជុំផ្តាច់ព្រ័ត្រ និងរៀបចំពិធីបំពាក់មេដាយ ជូនដល់ម្ចាស់ជ័យលាភី ដោយពេលវេលាដូចគ្នានេះ នឹងត្រូវធ្វើឡើងដូចៗគ្នា លើប្រភេទវិញ្ញាសាទាំង៣ធំៗនេះ។ ក្នុង១ថ្ងៃៗ នឹងត្រូវប្រកួតបញ្ចប់ និងបំពាក់មេដាយ លើប្រភេទវិញ្ញាសានីមួយៗតែម្តង។

គួរ​បញ្ជាក់​ថា ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍នេះ គឺដើម្បីពង្រឹង​សមត្ថភាពកីឡាករត្រៀមឆ្ពោះទៅកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែល​កម្ពុជាធ្វើ​ជាម្ចាស់​ផ្ទះ។ ដោយ​ឡែក​មុនការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះ គណៈកម្មាធិការជាតិ CAMSOC និងសហព័ន្ធកីឡាចំបាប់កម្ពុជាក៏បានរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រម គ្រូបង្វឹកកីឡាចំបាប់កម្រិតអន្តរជាតិ និងបោះជំរំហ្វឹកហាត់រួមគ្នារវាងក្រុមកីឡាករ កីឡាការិនីជម្រើសជាតិម្ចាស់ផ្ទះកម្ពុជា និងបណ្តាប្រទេសមួយចំនួន ក្នុងអាស៊ីអាគ្នេយ៍៕

Share.