ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្ដរាយជាតិរបស់ប្រទេស ម៉ាឡេស៊ី បាននិយាយថា មនុស្សចំនួន ៨នាក់ បានស្លាប់ និង ៧នាក់រងរបួស បន្ទាប់ពីមានឧប្បទ្ទវហេតុរអិលបាក់ដីបានវាយប្រហារលើតំបន់សម្រាប់អ្នកបោះតង់មួយកន្លែងក្បែរភ្នំ ហ្គេនធីង របស់ប្រទេស ម៉ាឡេស៊ី កាលពីព្រឹកថ្ងៃ សុក្រ ទី ១៦ ខែ ធ្នូ នេះ ខណៈប្រតិបត្តិការជួយសង្រ្គោះ និង ស្វែងរកកំពុងធ្វើឡើង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ សុក្រ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០២២។

បើតាមអាជ្ញាធរនៅរដ្ឋ Selangor និង ប៉ូលីសម៉ាឡេស៊ី បាននិយាយថា មនុស្ស ៦០នាក់ ត្រូវបានរកឃើញថាមានសុវត្ថិភាព។

នាយកដ្ឋានពន្លត់អគ្គីភ័យរបស់ប្រទេសនេះ បានឲ្យដឹងថា មនុស្សសរុបចំនួន ៧៩នាក់ បានជាប់នៅក្រោមគំនរដីបាក់ និង ២៣នាក់ ត្រូវបានរកឃើញដោយសុវត្ថិភាព រីឯមនុស្ស ៨នាក់ បានស្លាប់ និង ជាង៥០នាក់ទៀត នៅបន្ដបាត់ខ្លួននៅឡើយ។

ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យ និង ជួយសង្រ្គោះរដ្ឋ Selangor លោក Norazam Khamis បាននិយាយថា ក្រុមអ្នកពន្លត់អគ្គីភ័យបានចាប់ផ្ដើមមកដល់កន្លែងកើតហេតុនៅម៉ោងប្រហែល ៣ទៀបភ្លឺ បន្ទាប់ពីទទួលបានការរាយការណ៍នៅម៉ោង ២:២៤នាទីទៀបភ្លឺ។

សូមជម្រាបថា រដ្ឋ Selangor របស់ប្រទេស ម៉ាឡេស៊ីក៏ធ្លាប់រងគ្រោះដោយសារគ្រោះរអិលបាក់ដីនាពេលកន្លងមកដែរ ខណៈរដ្ឋនេះកំពុងស្ថិតនៅក្នុងរដូវភ្លៀង ប៉ុន្ដែមិនទាន់មានភ្លៀងធ្លាក់ខ្លាំង ឬ គ្រោះរញ្ជួយដីត្រូវបានរាយការណ៍នៅពេលមានគ្រោះរអិលបាក់ដីកើតឡើងនោះទេ៕

ប្រភព៖ CNA

Share.