ការប្រកួតពានរង្វាន់កីឡាបាល់ទាត់«មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លើកទី៨ ឆ្នាំ២០២២ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានធ្វើកម្មវិធីសន្និសីទសារព័ត៌មាន និងចាប់ពូលហើយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគាសុខា ភ្នំពេញ។


ឯកឧត្តម សូវ៉ាត សីលា ប្រធានគណ:កម្មាធិការប្រតិបត្តិ បានមានប្រសាសន៍ថា «បន្ទាប់ពីខកខានអស់រយ:ពេល២ឆ្នាំ ដោយសារជំងឺរាតត្បាត់កូវីដ១៩ នៅឆ្នាំ២០២២នេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក៏បានរៀបចំការប្រកួតពានរង្វាន់កីឡាបាល់ទាត់«មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លើកទី៨ ឆ្នាំ២០២២ ក្រោមប្រធានបទ ក្នុងស្មារតីលេងកីឡាដើម្បីសុខភាព មិត្តភាព ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជននៅតាមក្រសួង និបងស្ថាប័នរដ្ឋទាំងអស់។

ឯកឧត្តម សុខ សប្បាយណា ប្រធានគណ:កម្មធិការ បានមានប្រសាសន៍ថា «ឆ្នាំនេះយើងនឹងមានអ្វីដែលប្លែកជាងឆ្នាំមុនៗ ដោយនៅឆ្នាំនេះយើងលេង ១១នាក់ ទល់១១នាក់ និងមានចំណុចពិសេសច្រើនជាងឆ្នាំមុន។ ឯកឧត្តមបន្ថែមថា ការប្រកួតពានរង្វាន់កីឡាបាល់ទាត់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លើកទី៨ ឆ្នាំ២០២២ គឺជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ហ៊ុន ម៉ានី ដោយការរៀបចំការប្រកួតការដណ្តើមពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន ដើម្បីឲ្យមន្ត្រីរាជការមកពីបណ្តាក្រសួងស្ថាប័ននានាគោរពឱ្យបាន នូវវិន័យ ក្រមសីលធម៌ និងគោរពគោលការណ៍លេងដោយយុត្តិធម៌ ដោយឈរលើស្មារតី សាមគ្គីភាព មិត្តភាពជាចម្បង ដើម្បីរួមគ្នាបង្កឱ្យព្រឹត្តិការណ៍ បាល់ទាត់មួយនេះ ទទួលបាន នូវភាពជោគជ័យ។

ឯកឧត្តម ស សុខា អនុប្រធានសហភាពសងព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសគណ:កម្មាធិការកីឡាបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន ក៏បានមានប្រសាសន៍ថា «ការរៀបចំការប្រកួតការដណ្តើមពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន ធ្វើយ៉ាណាដើម្បីឲ្យ មន្ត្រីរាជការមកពីបណ្តាក្រសួងស្ថាប័ននានាចូលរួមប្រកួតដើម្បីមិត្តភាព សុខភាព សហការគ្នា ស្រលាញ់គ្នាដូចជាគ្រួសារតែមួយ»។

ឯកឧត្តម បន្ថែមថា ការបង្កើតឱ្យព្រឹត្តិការណ៍ បាល់ទាត់មួយនេះគឺដើម្បីឲ្យបុគ្គលិកនៅតាមក្រសួង-ស្ថាប័ន ចូលរួមធ្វើការហ្វឹកហាត់នៅថ្ងៃសម្រាក សៅរ៍ អាទិត្យ ឬយ៉ាងហោចណាស់មួយអាទត្យបានម្ដង ដើម្បចូលរួមប្រកួតដោយមានគុណភាព និងភាពស្និតស្នាល ដើម្បីលើកតំកើនវីស័យកីឡានៅក្នុងប្រទេសកម្ពុជា។

ព្រឹត្តិការណ៍នេះទទួលបានភាពទាក់ទាញ និងការគាំទ្របានកាន់តែខ្លាំងឡើងៗពីមួយរដូវ កាល ទៅមួយរដូវកាល ដោយមានក្រុមចូលរួមបានកើនឡើងរហូតដល់៣០នៅឆ្នាំនេះ និងមានកីឡាកចូលរួមមានសរុបជាង ៧០០នាក់ មានក្រុមហ៊ុនចូលរួមស្ម័គ្រចិត្តចូលឧបត្ថម្ភ គាំទ្រក៏កាន់តែកើនឡើងរហូតដល់១០នៅឆ្នាំនេះ ជាពិសេសគឺនៅមានក្រុមហ៊ុនបន្ថែមទៀត នឹងចូលរួមឧបត្ថម្ភ។ កម្មវិធីប្រកួតនឹងចាប់ផ្ដើមនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣៕

Share.