ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង KCNA បានឲ្យដឹងនៅថ្ងៃ ច័ន្ទ នេះថា ប្រទេសនេះបានធ្វើការតេស្ដសាកល្បងដំណាក់កាលចុងក្រោយ និង ដ៏មានសារៈសំខាន់ នៅក្នុងការអភិវឌ្ឍផ្កាយរណបចារកម្មផ្នែកយោធា ដែលទីក្រុង ព្យុងយ៉ាង មានផែនការបញ្ជប់ទាំងស្រុងនៅខែ មេសា ឆ្នាំ ២០២៣។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃ ច័ន្ទ ទី ១៩ ខែ ធ្នូ ឆ្នាំ ២០២២។

របាយការណ៍នេះត្រូវបានចេញផ្សាយមួយថ្ងៃបន្ទាប់ពីយោធាកូរ៉េខាងត្បូង និង ជប៉ុន បានរាយការណ៍ពីភាពឯកោរបស់កូរ៉េខាងជើងនៃការបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមចំនួន២ ទៅកាន់ឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។

យោងតាមសារព័ត៌មាន KCNA បានឲ្យដឹងថា រដ្ឋបាលអភិវឌ្ឍន៍លំហអាកាសជាតិ (NADA) របស់ទីក្រុង ព្យុងយ៉ាង បានធ្វើការសាកល្បងនៅស្ថានីយ៍បាញ់បង្ហោះផ្កាយរណប Sohae របស់ខ្លួននៅភាគពាយព្យ ដើម្បីពិនិត្យមើលសមត្ថភាពនៃការថតរូបភាពផ្កាយរណប ការបញ្ជូនទិន្នន័យ និង ប្រព័ន្ធគ្រប់គ្រងលើដី។

ទន្ទឹមនោះ រ៉ុក្កែតមួយគ្រាប់បានពាំផ្កាយរណបសាកល្បងមួយ ក្នុងនោះរួមមានបញ្ចូលទាំងកាម៉េរ៉ាជាច្រើនគ្រាប់ ឧបករណ៍បញ្ជូន និង ទទួលរូបភាព ឧបករណ៍គ្រប់គ្រង និង ស្ដុកថ្ម ជាមួយការបាញ់បង្ហោះក្នុងរយៈកម្ពស់ ៥០០គីឡូម៉ែត្រ។

អ្នកនាំពាក្យ NADA បាននិយាយថា «យើងបានត្រួតពិនិត្យលើសមត្ថភាពបច្ចេកទេសសំខាន់ៗដូចជា បច្ចេកវិទ្យាប្រតិបត្តិការកាមេរ៉ានៅក្នុងបរិយាកាសអវកាស ដំណើរការទិន្នន័យ និង សមត្ថភាពបញ្ជូនឧបករណ៍ទំនាក់ទំនងការតាមដាន និង ត្រួតពិនិត្យភាពត្រឹមត្រូវនៃប្រព័ន្ធគ្រប់គ្រងដី»។

អ្នកនាំពាក្យបានហៅការធ្វើតេស្ដនេះថាជា «ដំណើរការនៃការសាកល្បងចុងក្រោយនៃការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍» ដែលនឹងបញ្ចប់នៅខែ មេសា ខាងមុខនេះ។ ជាមួយគ្នានោះដែរ KCNA ក៏បានបញ្ចេញរូបភាពទីក្រុង សេអ៊ូល និង ទីក្រុង អ៉ីនឆ័ន របស់កូរ៉េខាងត្បូងដែលថតដោយផ្កាយរណបនេះផងដែរ។

សូមជម្រាបថា កូរ៉េខាងជើងបានធ្វើការសាកល្បងមីស៊ីលជាច្រើនដែលមិនធ្លាប់មានក្នុងឆ្នាំនេះ ដោយមានទាំងការបាញ់មីស៊ីលផ្លោងអន្តរទ្វីប ICBM ដែលរចនាឡើងដើម្បីបាញ់ឆ្ពោះទៅដល់ដីគោករបស់សហរដ្ឋអាមេរិក ដើម្បីផ្គើននឹងទណ្ឌកម្មអន្តរជាតិដែរ៕

ប្រភព៖ Reuters

Share.