ការប្រកួតបើកឆាកពូល A ពានរង្វាន់ AFF Mitsubishi Electric Cup 2022 រវាងក្រុមជម្រើសជាតិកម្ពុជា ទល់នឹងហ្វីលីពីន វេលាម៉ោង ៥:០០ នាទីរសៀល នៅពហុកីឡដ្ឋានមរតតេជោ ថ្ងៃទី២០ ខែធ្នូ ស្អែកនេះ។
ក្នុងនោះផងដែលខ្សែការពារ សឿយ វិសាល ប្រធានក្រុមរបស់ជម្រើសជាតិកម្ពុជា បានលើកឡើងដូច្នេះថា៖«ជាដំបូងខ្ញុំមានអារម្មណ៍ថារីករាយសម្រាប់ការប្រកួតនៅថ្ងៃស្អែកនេះ ហើយពួកយើងបានត្រៀមខ្លួនរួចជាស្រេច។ ពួកយើងប្ដេជ្ញា ប្រឹងប្រែងលេងឲ្យអស់ពីសមត្ថភាព នឹងយកផលវិជ្ជមានជូនអ្នកគាំទ្រឱ្យបាន»។
«ខ្ញុំគិតថាហ្វីលីពីន ផ្លាស់ប្តូរកីឡាករច្រើនជាពិសេសនៅតំបន់ប្រយុទ្ធរបស់ពួកគេ ខណ:ឧបសគ្គដូចជាមិនសូវមាននោះទេ ដោយសារបទពិសោធន៍របស់ពួកយើងធ្លាប់លេងជាក្រុមដែលមានកំរិតលើសហ្វីលីពីនទៀត»។
«ដូច្នេះការប្រកួតនៅថ្ងៃស្អែកនេះនឹងសប្បាយលេង ហើយអ្នកគាំទ្រប្រាកដជាពេញចិត្តចំពោះទម្រង់លេងរបស់ពួកយើង។ យើងទាំងអស់គ្នានឹងប្រឹងប្រែងធ្វើវាឲ្យបានល្អ ព្រោះនៅតំបន់អាស៊ានក្រុមទាំងអស់មានចំណាត់ថ្នាក់មិនលើសគ្នាដូចជា ជប៉ុន ឬអ៊ីរ៉ង់ ឡើយ»។
គួរដឹងថាក្រុមជម្រើសជាតិហ្វីលីពីន បានធ្វើដំណើរមកដល់រាជធានីភ្នំពេញ តាមច្រកព្រលានយន្តហោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ពោលគឺមានរយ:ពេល៥ថ្ងៃ មុនប៉ះកម្ពុជា។ ខណ:ទីតាំងហ្វឹកហាត់របស់ពួកគេគឺនៅកីឡដ្ឋានស្តាតចាស់របស់ក្លិបបាល់ទាត់ Tiffy Army FC៕