កងទ័ពជើងទឹករបស់ប្រទេស ថៃ បានដាក់ពង្រាយនាវាចម្បាំង និង ឧទ្ធម្ភាគចក្រ នាថ្ងៃ ច័ន្ទ នេះ ដើម្បីស្វែងរកទាហានម៉ារីនចំនួន ៣៣នាក់ ដែលកំពុងបាត់ខ្លួន បន្ទាប់ពីនាវា ១គ្រឿង បានលិចក្នុងឈូងសមុទ្រថៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ច័ន្ទ ទី ១៩ ខែ ធ្នូ ឆ្នាំ ២០២២។

នាវាកងទ័ពជើងទឹកចំនួន៣ និង ឧទ្ធម្ភាគចក្រ ២គ្រឿង ត្រូវបានបញ្ជូនទៅស្វែងរកអ្នកបាត់ខ្លួននៅខេត្ត Prachuap Khiri Khan ភាគខាងត្បូងនៃទីក្រុង បាងកក បន្ទាប់ពីនវាចម្បាំង HTMS Sukhothai មានបញ្ហាម៉ាស៊ីន ហើយបានលិចមុនពាក់កណ្ដាលអធ្រាតប្រហែល ៣៧គីឡូម៉ែត្រពីឆ្នេរសមុទ្រ។

កងទ័ពជើងទឹកបាននិយាយថា បេសកកម្មជួយសង្រ្គោះមួយយប់ក្នុងអាកាសធាតុអាក្រក់ បានធានាសុវត្ថិភាពមនុស្សចំនួន ៧៣នាក់ ក្នុងចំណោមមនុស្សទាំង ១០៦នាក់នៅលើនាវា ខណៈមនុស្ស ៣៣នាក់ទៀតកំពុងបាត់ខ្លួន។

កងទ័ពជើងទឹកបានបង្ហោះរូបភាព និង វីដេអូ នៅលើគណនី Twitter របស់ខ្លួនដែលបង្ហាញពីបុគ្គលិកមួយក្រុមពាក់អាវកាក់ពណ៌ទឹកក្រូច កំពុងជួយសង្រ្គោះមនុស្សក្នុងភាពងងឹតស្របពេលដែលទឹករលកធំៗ បានបោកបក់មក។

ឧត្តមនាវីទោ Pogkrong Monthardpalin អ្នកនាំពាក្យកងទ័ពជើងទឹកបាននិយាយថា នាវា Sukhothai ដែលជានាវាផលិតដោយសហរដ្ឋអាមេរិក ដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ ១៩៨៧ ត្រូវបានវាយប្រហារដោយរលកដ៏ខ្លាំងក្លាកាលពីថ្ងៃ អាទិត្យ ដោយធ្វើឲ្យនាវាផ្អៀងទៅម្ខាងមុនពេលលិចចូលក្នុងសមុទ្រ៕

ប្រភព៖ CNA

Share.