នៅថ្ងៃ ច័ន្ទ សប្ដាហ៍នេះ ព្រះរាជបុត្រីច្បងរបស់ព្រះមហាក្សត្រថៃ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ ដោយទទួលបានការដាក់ឧបករណ៍ជំនួយបេះដូង សួត និង តម្រងនោម បន្ទាប់ពីទ្រង់បានដួលសន្លប់កាលពីសប្ដាហ៍មុន នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ព្រះបរមរាជវាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ច័ន្ទ ទី ១៩ ខែ ធ្នូ ឆ្នាំ ២០២២។

ព្រះនាង Bajrakitiyabha Mahidol មានព្រះជន្ម ៤៤ឆ្នាំ ជាបុត្រីច្បងរបស់ព្រះបាទ Maha Vajiralongkorn និង ជាបុត្រតែ ១ព្រះអង្គគត់ជាមួយព្រះមហេសីដំបូងគេដែលបានរៀបអភិសេកជាមួយព្រះអង្គ ដំបូងឡើយបានប្រឈួនកាលពីល្ងាចថ្ងៃ ពុធ អំឡុងពេលហ្វឹកហាត់ជាមួយសុនខរបស់ទ្រង់ នៅនគររាជសីម៉ា ភាគខាងជើងទីក្រុង បាងកក។

សេចក្ដីថ្លែងការណ៍បានបន្ថែមថា «ក្រុមវេជ្ជសាស្រ្តបានផ្ដល់ព្រះឱសថ និង ឧបករណ៍សម្រាប់ជាជំនួយដល់ព្រះសុខភាពរបស់ព្រះនាង​ ខណៈបច្ចុប្បន្នទ្រង់កំពុងស្ថិតក្រោមការមើលថែពីក្រុមគ្រូពេទ្យយ៉ាងដិតដល់»។

យ៉ាងណាម៉ិញ មិនទាន់មានសេចក្ដីរាយការណ៍អំពីរោគវិនិច្ឆ័យថា ទ្រង់ប្រឈួនជំងឺអ្វីឲ្យពិតប្រាកដនៅឡើយទេ។

ព្រះនាងមានតួនាទីដ៏ខ្ពង់ខ្ពស់ក្នុងខ្សែរាជវង្ស ទ្រង់ប្រថាប់នៅចំណុចកំពូលការពារការវិះគន់ ដោយច្បាប់បរិហារកេរ្តិ៍ធ្ងន់ធ្ងរ ដែលអាចកាត់ទោសអ្នកល្មើសដាក់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ ក្នុងមួយបទចោទ។

កាលពីថ្ងៃ សៅរ៍ សប្ដាហ៍មុន ព្រះរាជវាំងបានប្រកាសថា ព្រះមហាក្សត្រ Maha Vajiralongkorn និង ព្រះមហេសី Suthida បានធ្វើតេស្ដវិជ្ជមានកូវីដ១៩ ប៉ុន្ដែទ្រង់ទាំង២ ព្រះអង្គ មានរោគសញ្ញាស្រាល៕

ប្រភព៖ CNA

Share.