អង្គការស្នាមញញឹមកម្ពុជា ព្រមជាមួយនិងក្រុមគ្រូពេទួ្យស្ម័គ្រចិត្ត Nothwest នៃប្រទេសអាមេរិក សហការជាមួយ ហ្វេសធូហ្វេស និងមូលនិធីស្តេនឌីស នឹងផ្ដល់ការវះកាត់ជូនពលរដ្ឋកម្ពុជាដែលមានពិការភាពស្លឹកត្រចៀក មាត់ ក្រអូមឆែប និងពិការភាពមុខមាត់ផ្សេងៗ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ។

នេះជាបេសកកម្មវះកាត់ដំបូងក្នុងឆ្នាំ២០២៣ របស់អង្គការស្នាមញញឹមកម្ពុជាជាមួយនិងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត Northwest សហរដ្ឋអាមេរិក ដឹកនាំដោយវេជ្ជបណ្ឌិត Sam P. Most និង វេជ្ជបណ្ឌិត Craig Murakami ឯកទេសវះកាត់សល្យសាស្រ្ត។ ដំណើរការវះកាត់នឹងធ្វើឡើងនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឬពេទ្យរុស្ស៊ី។

បើតាមប្រភពដែលត្រយងទទួលបាន បេសកកម្មវះកាត់ លើកនេះមិនត្រឹមតែផ្តោតទៅលើការវះកាត់មាត់ឆែប ក្រអូមមាត់ឆែប ប៉ុណ្ណោះទេ ប៉ុន្តែពួកនឹងផ្តល់ការវះកាត់ដល់អ្នកជំងឺពិការស្លឹកត្រចៀក អ្នកជំងឺរលាក និង អ្នកជំងឺពិការភាពមុខមាត់ផ្សេងៗ ខណៈការទទួលចុះឈ្មោះ និង ពិនិត្យជំងឺធ្វើឡើងនៅថ្ងៃអាទិត្យ ទី៨ ខែមករា ឆ្នាំ២០២៣៕

Share.