ការប្រកួតពានរង្វាន់បាល់ទាត់ធំប្រចាំតំបន់អាស៊ាន AFF Mitsubishi Electric Cup 2022 ឬ AFF Championship 2022 នឹងចាប់ផ្ដើមនៅថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២ នេះ ស្របពេលក្រុមគោព្រៃកម្ពុជា នឹងត្រូវប្រកួតបើកឆាក ទទួលក្រុមជម្រើសជាតិហ្វីលីពីន វេលាម៉ោង ៥:០០នាទីល្ងាច ក្នុងពហុកីឡដ្ឋានជាតិមរកតតេជោ ក្នុងរាជធានីភ្នំពេញ។

ក្រុមកម្ពុជា ប្រកួតមិត្តភាពជាមួយ​ម៉ាឡេស៊ី កន្លង​ទៅ

ដោយឡែកបើងាកមើលប្រវត្តិជួបគ្នា ៦លើកចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជា និងហ្វីលីពីន កន្លងមកឃើញថាហ្វីលីពីន ធ្លាប់ឈ្នះ៤លើក និងស្មើគ្នា២លើក៖
-ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៦ ហ្វីលីពីន ១-០ កម្ពុជា វគ្គជម្រុះ AFF Suzuki Cup
-ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៨ កម្ពុជា ២-៣ ហ្វីលីពីន វគ្គជម្រុះ AFF Suzuki Cup
-ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១០ ហ្វីលីពីន ០-០ កម្ពុជា វគ្គជម្រុះ AFF Suzuki Cup
-ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១២ កម្ពុជា ០-០ ហ្វីលីពីន ក្នុងជំនួបមិត្តភាពអន្តរជាតិ
-ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៣ កម្ពុជា ០-៨ ហ្វីលីពីន វគ្គជម្រុះ AFC Challenge Cup
-ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ហ្វីលីពីន ៣-០ កម្ពុជា ក្នុងជំនួបមិត្តភាពអន្តរជាតិ

អត្ថបទពាក់ព័ន្ធ៖សឿយ វិសាល៖«ការប្រកួតនេះអ្នកគាំទ្រនឹងពេញចិត្តចំពោះទម្រង់លេងរបស់ពួកយើង»

ក្រុមហ្វីលីពីន កាលពីដើមឆ្នាំ

សម្រាប់ការប្រកួតពានរង្វាន AFF Mitsubishi Electric Cup ២០២២ នេះ ក្រុមជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូល A ជាមួយជើងខ្លាំងថៃ, ឥណ្ឌូនេស៊ី, ហ្វីលីពីន និង ប្រ៊ុយណេ ចំណែកពូល B មាន វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ាន់ម៉ា និង ឡាវ។

អត្ថបទពាក់ព័ន្ធ៖គ្រូហ្វីលីពីន៖«កម្ពុជាមានកីឡាករល្បឿនលឿនអាចនឹងធ្វើឱ្យពួកយើងមានបញ្ហាច្រើន»

ចំពោះកាលវិភាគប្រកួតរបស់ក្រុមគោព្រៃកម្ពុជា មាន៖
១. កម្ពុជា ជួប ហ្វីលីពីន ថ្ងៃទី២០ ខែធ្នូ វេលាម៉ោង ៥:០០នាទីល្ងាច ក្នុងពហុកីឡដ្ឋានជាតិមរកតតេជោ រាជធានីភ្នំពេញ
២. កម្ពុជា ជួប ឥណ្ឌូនេស៊ី ថ្ងៃទី២៣ ខែធ្នូ វេលាម៉ោង ៤:៣០នាទីល្ងាច ក្នុងពហុកីឡដ្ឋាន Gelora Bung Kamo Stadium ទីក្រុង Jakarta
៣. កម្ពុជា ជួប ប្រ៊ុយណេ ថ្ងៃទី២៩ ខែធ្នូ វេលាម៉ោង ៥:០០នាទីល្ងាច ក្នុងពហុកីឡដ្ឋានជាតិមរកតតេជោ រាជធានីភ្នំពេញ
៤. កម្ពុជា ជួប ថៃ ថ្ងៃទី០២ ខែមករា វេលាម៉ោង ៧:៣០នាទីយប់ ក្នុងពហុកីឡដ្ឋាន Thammasat Stadium ខេត្ត Pathum Thani។

ពានរង្វាន់ជើងឯកបាល់ទាត់បុរសប្រចាំតំបន់អាស៊ាន បង្កើតឡើងដំបូងតាំងពីឆ្នាំ ១៩៩៦ មកម៉្លេះ ដោយប្រកួតរាល់២ឆ្នាំម្តង ស្របពេលដំបូងឡើយប្រើឈ្មោះជាAFF Tiger Cup រហូតដល់ឆ្នាំ២០០៤ ក៏ប្តួរឈ្មោះទៅជា AFF Suzuki Cup វិញម្តង និងចុងក្រោយចាប់ពីឆ្នាំ២០២២ តទៅប្រើឈ្មោះជាAFF Mitsubishi Electric Cup វិញម្តង។

គួរបញ្ជាក់ផងដែរថាក្រុមជម្រើសជាតិថៃ ជាក្រុមឈ្នះជើងឯកពានរង្វាន់បុរសប្រចាំតំបន់អាស៊ាន នេះបានច្រើនជាងគេ រហូតដល់ទៅ៦លើក ហើយសិង្ហបុរី ឈ្នះបាន៤លើក វៀតណាម ឈ្នះ២លើក និងម៉ាឡេស៊ី ឈ្នះបាន១លើក។ សម្រាប់ក្រុមឥណ្ឌូណេស៊ី ជាក្រុមឡើងវគ្គផ្ដាច់ព្រ័ត្របានច្រើនជាងគេរហូតដល់៦លើក តែបរាជ័យរហូត៕

Share.