ការប្រកួតបើកឆាកពូល​ A ព្រឹត្តិការណ៍បាល់ទាត់ដ៍ធំប្រចាំតំបន់អាស៊ាន AFF Mitsubishi Electric Cup 2022 ឬ AFF Championship 2022 រវាងក្រុមជម្រើសជាតិកម្ពុជា ទល់នឹងហ្វីលីពីន វេលាម៉ោង ៥:០០ នាទីល្ងាច នៅពហុកីឡដ្ឋានមរតតេជោ នៅថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ​២០២២។

ក្នុងនោះផងដែរលោក Keisuke Honda អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា បានបង្ហោះសារលើ Twitter ថា៖«អរគុណបាល់ទាត់ពិភពលោក, អរគុណអ្នកតំណាងប្រទេសជប៉ុន។ ខ្ញុំ​នឹង​ទៅ​ប្រទេស​កម្ពុជា​ឥឡូវ​នេះ»។ ដូច្នេះលោក Keisuke Honda នឹងមានវត្តមាននៅប្រទេសកម្ពុជាល្ងាចនេះ ដើម្បីដឹកនាំក្រុមជម្រើសជាតិកម្ពុជា ប្រកួតទល់នឹងហ្វីលីពីន ក្រោយព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា ត្រូវបានបញ្ចប់ ក្នុង​រយៈពេល​៤១​ម៉ោង។

អ្នកចាត់ទូទៅជម្រើសជាតិកម្ពុជាវ័យ៣៦ឆ្នាំរូបនេះ ធ្លាប់លើកឡើងដូច្នេះថា៖«មានផ្នែកខ្លះនៅលើទីលានដែលយើងត្រូវប៉ះប៉ូវឲ្យបានល្អឡើងវិញ ជាពិសេសត្រូវតែពង្រឹងឡើងវិញនូវតំបន់ការពារពេលប៉ះហ្វីលីពីន ក្រោយកម្ពុជាចាញ់ម៉ាឡេស៊ី ៤-០ ក្នុងជំនួបមិត្តភាពអន្តរជាតិ»។

ដោយឡែកបើងាកមើលប្រវត្តិជួបគ្នា ៦លើកចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជា និងហ្វីលីពីន កន្លងមកឃើញថាហ្វីលីពីន ធ្លាប់ឈ្នះ៤លើក និងស្មើគ្នា២លើក៖
-ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៦ ហ្វីលីពីន ១-០ កម្ពុជា វគ្គជម្រុះ AFF Suzuki Cup
-ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៨ កម្ពុជា ២-៣ ហ្វីលីពីន វគ្គជម្រុះ AFF Suzuki Cup
-ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១០ ហ្វីលីពីន ០-០ កម្ពុជា វគ្គជម្រុះ AFF Suzuki Cup
-ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១២ កម្ពុជា ០-០ ហ្វីលីពីន ក្នុងជំនួបមិត្តភាពអន្តរជាតិ
-ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៣ កម្ពុជា ០-៨ ហ្វីលីពីន វគ្គជម្រុះ AFC Challenge Cup
-ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ហ្វីលីពីន ៣-០ កម្ពុជា ក្នុងជំនួបមិត្តភាពអន្តរជាតិ៕

Share.