ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយថា កូរ៉េខាងជើងនាថ្ងៃ អង្គារ នេះ បានរិះគន់កូរ៉េខាងត្បូងចំពោះការបំផ្លាញដល់ការអភិវឌ្ឍអាវុធរបស់ខ្លួនដោយនិយាយថា ទណ្ឌកម្មបន្ថែមនឹងមិនអាចបញ្ឈប់កម្មវិធីមីស៊ីលរបស់កូរ៉េខាងជើងនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ អង្គារ ទី ២០ ខែ ធ្នូ ឆ្នាំ ២០២២។

លោកស្រី Kim Yo Jong ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បាននិយាយថា គំនិតផ្ដួចផ្ដើមរបស់ទីក្រុង ព្យុងយ៉ាង ដើម្បីអភិវឌ្ឍផ្កាយរណបចារកម្ម (ស៊ើបការណ៍) គឺជា «អាទិភាពចម្បងពាក់ព័ន្ធដោយផ្ទាល់ទៅនឹងសន្ដិសុខជាតិរបស់យើង»។

លោកស្រីបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន KCNA ថា កូរ៉េខាងត្បូងអាចនឹងស្រែកទាមទាររកកិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិមួយចំនួន និង ព្យាយាមដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ប៉ុន្ដែទណ្ឌកម្មមិនអាចបញ្ឈប់កូរ៉េខាងជើងបាននោះទេ ហើយវាក៏មិនមែនជារឿងថ្មីនោះដែរ។

លោកស្រីបញ្ជាក់ថា សិទ្ធិរស់រានមានជីវិត និង ការអភិវឌ្ឍរបស់យើងត្រូវបានគំរាមកំហែង ហេតុអ្វីបានជាយើងត្រូវខ្លាចទណ្ឌកម្មដែលយើងធ្លាប់ជួបម្ដងហើយម្ដងទៀតនោះ វាមិនមែនជាលើកទី១ទេ ហើយហេតុអ្វីបានជាយើងត្រូវបញ្ឈប់ការអភិវឌ្ឍមីស៊ីលរបស់យើង?

សូមជម្រាបថា ការកត់សម្គាល់របស់លោកស្រីបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុង ព្យុងយ៉ាង បានបាញ់មីស៊ីលរយៈចម្ងាយមធ្យមចំនួន២ ដែលទីក្រុង ព្យុងយ៉ាងហៅថា ជាការធ្វើតេស្ដដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍផ្កាយរណបចារកម្ម (ស៊ើបការណ៍)៕

ប្រភព៖ CNA

ចុចអាន៖ កូរ៉េខាងជើងបញ្ជាក់ពីការបា.ញ់សាកល្បងផ្កាយរណបចារកម្មចុងក្រោយបង្អស់សម្រាប់ខែ មេសា

Share.