ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Minsk ដើម្បីជួបពិភាក្សាជាមួយសមភាគី បេឡារុស្ស លោក Alexander Lukashenko ដែលបានអនុញ្ញាតឲ្យទីក្រុង ម៉ូស្គូ ប្រើប្រាស់ប្រទេសរបស់ខ្លួនជាមូលដ្ឋានសម្រាប់ការវាយលុករបស់ខ្លួននៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នាថ្ងៃ អង្គារ ទី ២០ ខែ ធ្នូ ឆ្នាំ ២០២២។

វីដេអូដែលចាក់ផ្សាយដោយទូរទស្សន៍រដ្ឋរុស្ស៊ីបានបង្ហាញឲ្យឃើញថា លោក ពូទីន បានចុះពីលើយន្ដហោះកាលពីថ្ងៃ ច័ន្ទ នៅឯអាកាសយានដ្ឋានក្នុងទីក្រុង Minsk ហើយត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅពីសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក។

ដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Minsk របស់លោក ពូទីន គឺជា ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ចាប់តាំងពីឆ្នាំ ២០១៩ មុនពេលជំងឺរាតត្បាតកូវីដ១៩ និង រលកនៃការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅក្នុងប្រទេស បេឡារុស្ស ក្នុងឆ្នាំ ២០២០។

លោក ពូទីន បាននិយាយថា លោក និង លោក Lukashenko បានពិភាក្សាគ្នាអំពីការបង្កើត «តំបន់ការពារតែមួយ» នៅក្នុងតំបន់ ប៉ុន្ដែបានច្រានចោលការអះអាងដែលថា ទីក្រុង ម៉ូស្គូ ត្រៀមនឹងលេបយកប្រទេសជិតខាងរបស់ខ្លួន។ លោក ពូទីន បានបន្ដថា «រុស្ស៊ីមិនចាប់អារម្មណ៍នឹងការរួមបញ្ចូលគ្នាណាមួយទេ។ វាមិនអាចទៅរួចនោះទេ»។

យ៉ាងណាម៉ិញ លោក ពូទីន បាននិយាយថា លោកគាំទ្រសំណើររបស់លោក Lukashenko ក្នុងការបណ្ដុះបណ្ដាលនាវិកនៃយន្ដហោះចម្បាំងបេឡារុស្ស ដែលត្រូវបានកែប្រែរួចហើយសម្រាប់ការប្រើប្រាស់ក្បាលគ្រាប់ពិសេស ដោយទំនងជាសំដៅទៅលើអាវុធនុយក្លេអ៊ែរ។ ប៉ុន្ដែយ៉ាងណាក៏ដោយ យើងមិនប្រើប្រាស់វាទេ ប្រសិនបើមិនចាំបាច់ ឬ គ្មានការវាយប្រហារមកលើយើងមុនទេនោះ។

ទន្ទឹមគ្នានោះដែរ មេដឹកនាំនៃប្រទេស បេឡារុស្ស បានថ្លែងអំណរគុណចំពោះលោក ពូទីន សម្រាប់ការផ្ដល់មីស៊ីលរយៈចម្ងាយខ្លី Iskander និង ប្រព័ន្ធការពារដែនអាកាស S-400 ដោយបន្ដថា បេឡារុស្ស យល់ព្រមបន្ដធ្វើសមយុទ្ធយោធារួមគ្នាជាមួយរុស្ស៊ី ដើម្បីប្រឈមមុខនឹងស្ថានការណ៍ដែលមិនអាចនឹកស្មានដល់។

សូមជម្រាបថា ដំណើរទស្សនកិច្ចដ៏កម្ររបស់លោក ពូទីន ទៅកាន់ប្រទេសក្បែរខាង បេឡារុស្ស បានបង្កឲ្យមានការព្រួយបារម្ភថា រុស្ស៊ីកំពុងតែព្យាយាមអូសបេឡារុស្ស ចូលមកក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន ខណៈមេដឹកនាំនៃប្រទេស បេឡារុស្ស បានបដិសេធនឹងនិយាយថា មិនមានចេតនាក្នុងការបញ្ជូនទាហានរបស់ខ្លួនចូលទៅក្នុងប្រទេស អ៊ុយក្រែន នោះទេ៕

ប្រភព៖ Aljazeera

Share.