កងទ័ពជើងទឹកថៃបាននិយាយថា សាកសពចំនួន ៦នាក់ ត្រូវបានគេរកឃើញក្នុងចំណោមអ្នកបាត់ខ្លួនទាំងជាង ៣០នាក់ ក្នុងនោះមានមនុស្ស ១នាក់ ត្រូវបានជួយសង្រ្គោះ កាលពីថ្ងៃ អង្គារ ទី ២០ ខែ ធ្នូ បន្ទាប់ពីនាវាចម្បាំងថៃ ១គ្រឿង បានលិចក្នុងឈូងសមុទ្រថៃអំឡុងពេលព្យុះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ពុធ ទី ២១ ខែ ធ្នូ ឆ្នាំ ២០២២។

អ្នកនៅរស់រានមានជីវិតជាង ៧០នាក់ ពីនាវាចម្បាំង HTMS Sukhothai ត្រូវបានដឹកចេញពីសមុទ្រចាប់តាំងពីនាវានេះបានលិចកាលពីល្ងាចថ្ងៃ អាទិត្យ សប្ដាហ៍មុននេះ។

អ្នកនាំពាក្យកងទ័ពជើងទឹកបាននិយាយថា មាននាវិក ២៣នាក់ទៀតនៅតែបន្ដបាត់ខ្លួននៅឡើយ ខណៈឧទ្ធម្ភាគចក្រ រួមទាំងយន្ដហោះ ២គ្រឿង និង នាវាចំនួន៤ បានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីព្យាយាមស្វែងរក និង ជួយសង្រ្គោះ អ្នកនៅរស់រានមានជីវិតកាលពីថ្ងៃ អង្គារ។

កាលពីថ្ងៃ ច័ន្ទ នាវិក និង កងម៉ារីន ដំបូងមានចំនួន ៣៣នាក់ បានបាត់ខ្លួន ក្រោយមករាយការណ៍ថា មានតែចំនួន៣១នាក់ ក្នុងចំណោម ១០៦នាក់ ប៉ុណ្ណោះដែលបាត់ខ្លួន។

មេទ័ពជើងទឹក ឧត្តមនាវីឯក Choengchai Chomchoengpaet បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះអ្នកបាត់បង់ជីវិត និង ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារពួកគេផងដែរ។ លោកបន្ដថា «ការស៊ើបអង្កេតស្វែងរកការពិត នឹងចាប់ផ្ដើមឡើង រួមទាំងការពិនិត្យរបាយការណ៍អំពីចំនួនអាវពោងការពារជីវិតមិនគ្រប់គ្រានើនៅលើនាវាដែរ»។ លោកបញ្ជាក់ថា «យើងនឹងបន្ដស្វែងរករហូតដល់បេសកកម្មបានបញ្ចប់ ហើយយើងនឹងនាំប្រជាជនរបស់យើងត្រឡប់មកវិញ»។

ចំណែកឧត្ដមនាវីឯក Chonlathit Nawanukhro នាយសេនាធិការកងទ័ពជើងទឹក បាននិយាយថា សាកសពកំពុងត្រូវបានបញ្ជូនដើម្បីកំណត់អត្តសញ្ញាណជាផ្លូវការ ហើយកងទ័ពជើងទឹករបស់យើងនៅតែសង្ឃឹមថា នឹងរកឃើញអ្នកនៅរស់បន្ថែមទៀត។

សូមជម្រាបថា នាវាចម្បាំង HTMS Sukhothai បានផ្អៀងទៅម្ខាងមុនពេលលិចចូលក្នុងឈូងសមុទ្ររបស់ថៃ កាលពីថ្ងៃ អាទិត្យ ដោយបានរាយការណ៍លើកដំបូងថា មានបញ្ហាម៉ាស៊ីន៕

ប្រភព៖ CNA

ចុចអាន៖ លិចនាវាចម្បាំង បាត់ទាហានជើងទឹកថៃ ៣៣នាក់

Share.