ជនរងគ្រោះដោយទឹកជំនន់ជាង ៦៦,០០០នាក់ ត្រូវបានជម្លៀសទៅកាន់មជ្ឈមណ្ឌលសង្រ្គោះបណ្ដោះអាសន្ននៅទូទាំងរដ្ឋចំនួន៥ នៃប្រទេស ម៉ាឡេស៊ី កាលពីថ្ងៃ អង្គារ សប្ដាហ៍នេះ ខណៈភ្លៀងមូសុងនៅបន្ដវាយប្រហារប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ពុធ ទី ២១ ខែ ធ្នូ ឆ្នាំ ២០២២។

សារព័ត៌មានជាតិម៉ាឡេស៊ី Bernama បានរាយការណ៍ថា ជនរងគ្រោះដោយទឹកជំនន់សរុបចំនួន ៦៦,៧១៨នាក់ ត្រូវបានកត់ត្រានៅមជ្ឈមណ្ឌលទាំងនេះ ដោយចំនួនជនរងគ្រោះនៅតែបន្ដកើនឡើងនៅក្នុងរដ្ឋ Terengganu រដ្ឋ Kelantan និង រដ្ឋ Pahang។

យោងតាមទិន្នន័យតាមដានទឹកជំនន់របស់រដ្ឋាភិបាល កម្រិតទឹកនៃទន្លេសំខាន់ៗមួយចំនួនរួមមាន ទន្លេ Sungai Golok និង ទន្លេ Sungai Lebir ក្នុងរដ្ឋ Kelantan ត្រូវបានចាត់ទុកថាជាកន្លែងមានគ្រោះថ្នាក់។

រដ្ឋមន្រ្តីនៅក្នុងនាយកដ្ឋានរបស់នាយករដ្ឋមន្រ្តីសម្រាប់កិច្ចការរដ្ឋ Sabah និង រដ្ឋ Sarawak លោក Armizan Mohd Ali បាននិយាយកាលពីថ្ងៃ អង្គារ ថា ភ្លៀងធ្លាក់ខ្លាំងនាពេលបច្ចុប្បន្ននេះ បានបង្កផលប៉ះពាល់ដល់រដ្ឋ Kelantan និង Terengganu ហើយត្រូវបានគេព្យាករណ៍ថា នឹងឆ្ពោះទៅរដ្ឋ Pahang រដ្ឋ Johor និង ភាគខាងលិចរដ្ឋ Sarawak។

ដោយដកស្រង់ទិន្នន័យចុងក្រោយដែលទទួលបានពីនាយកដ្ឋានឧតុនិយមម៉ាឡេស៊ី (MET Malaysia) បានឲ្យដឹងថា ទិន្នន័យបង្ហាញពីរលកទី២ នៃខ្យល់មូសុងឥសាន្ដ ដែលពីមុនត្រូវបានព្យាករណ៍ថា នឹងអូសបន្លាយពីថ្ងៃទី ១៧ ខែ ធ្នូ ដល់ថ្ងៃទី ២១ ខែ ធ្នូ ដោយឥឡូវនេះត្រូវបានព្យាករណ៍ថានឹងបន្ដរហូតដល់ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២២។

អាស្រ័យហេតុនេះ រដ្ឋាភិបាលបានស្នើឲ្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយនៅថ្នាក់រដ្ឋ និង ស្រុក ជាពិសេសនៅតំបន់ស្ថិតនៅចំណុចគ្រោះថ្នាក់ទាំង៣ ត្រូវបង្កើនកម្រិតនៃការត្រៀមលក្ខណៈប្រុងប្រយ័ត្នចំពោះផលប៉ះពាល់ក្រោយភ្លៀងធ្លាក់ ដូចជាចលនារបស់ដី​ដែលអាចបង្កឲ្យមានហានិភ័យនៃការបាក់ដី ជាពិសេសនៅតំបន់ក្បែរភ្នំ។

សូមជម្រាបថា គិតត្រឹមរសៀលថ្ងៃ អង្គារ សប្ដាហ៍នេះ មនុស្សសរុបចំនួន ៩២,១៥៧នាក់ មកពីគ្រួសារទាំង ២៥,៦៣៥ ត្រូវបានជម្លៀសទៅកាន់មជ្ឈមណ្ឌលសង្រ្គោះនៅទូទាំងរដ្ឋចំនួន១១ ចាប់តាំងពីខ្យល់មូសុងបានវាយប្រហារប្រទេសនេះកាលពីដើមខែ វិច្ឆិកា មក៕

ប្រភព៖ CNA

Share.