លោក Elon Musk បាននិយាយកាលពីថ្ងៃ អង្គារ ថា លោននឹងចុះចេញពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Twitter បន្ទាប់ពីស្វែករកអ្នកជំនួសតំណែងនេះបាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នាថ្ងៃ ពុធ ទី ២១ ខែ ធ្នូ ឆ្នាំ ២០២២។

លោក Musk បានសរសេរនៅលើ Twitter ថា «ខ្ញុំនឹងលាលែងពីតំណែងជា CEO ភ្លាមៗ នៅពេលដែលខ្ញុំរកឃើញមនុស្សមកកាន់តំណែងនេះ បន្ទាប់ពីនោះមក ខ្ញុំនឹងដឹកនាំក្រុមការងារ Software និង Servers»។

នេះជាលើកទី១ហើយ ដែលលោក Musk បានលើកឡើងពីការចាកចេញពីតួនាទីជាប្រធានវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ចាប់តាំងពីអ្នកប្រើប្រាស់ Twitter បានបោះឆ្នោតយ៉ាងម៉ឺងម៉ាត់ក្នុងការស្ទង់មតិមួយសម្រាប់ឲ្យលោក Musk ចុះចេញពីតំណែង ដោយចាប់ផ្ដើមបោះឆ្នោតកាលពីល្ងាចថ្ងៃ អាទិត្យ សប្ដាហ៍មុននេះ។

ទោះជាយ៉ាងណាក៏ដោយ វាមិនមែនជាលើកទី១ទេ ដែលលោក Musk បាននិយាយថា លោកនឹងមិនចំណាយពេលនៅក្រុមហ៊ុននេះក្នុងរយៈពេលវែងនោះទេ។ កាលពីខែ វិច្ឆិកា មហាសេដ្ឋីលំដាប់ទី២ លើពិភពលោកបានប្រាប់តុលាការក្នុងទីក្រុង Delaware ថា លោកនឹងកាត់បន្ថយពេលវេលារបស់លោកនៅក្រុមហ៊ុន Twitter ហើយស្វែងរកនរណាម្នាក់ឲ្យមកដំណើរការក្រុមហ៊ុននេះជំនួសលោក។

យ៉ាងណាម៉ិញក៏មានសំណួរជាច្រើនពាក់ព័ន្ធនឹងការចាកចេញរបស់លោក Elon Musk ពីក្រុមហ៊ុន Twitter ដោយផ្ទុះឡើងនូវសំណួរថ្មីមួយថា តើនរណាមានសមត្ថភាពដែលនឹងមកកាន់តំណែងជា CEO បន្ទាប់ពីលោក Musk?

ប្រភព៖ The Guardian

Share.