ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រាប់សភាអាមេរិកកាលពីថ្ងៃ ពុធ ថា ជំនួយរាប់សិបពាន់លានដុល្លារ ដែលសភាអាមេរិកអនុម័តផ្ដល់ឲ្យអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីមិនមែនជាជំនួយសប្បុរសធម៌ទេ ប៉ុន្ដែជាការវិនិយោគមួយនៅលើសន្ដិសុខសកល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន NDTV នាថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែ ធ្នូ ឆ្នាំ ២០២២។

នៅក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់មេដឹកនាំអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមឈ្លានពានរវាងរុស្ស៊ី និង អ៊ុយក្រែន កាលពីខែ កុម្ភៈ លោក Zelensky បានប្រាប់សមាជិកសភានៅក្នុងសភាតំណាងរាស្រ្តអាមេរិកថា ពួកគេនឹងបន្ដគាំទ្រអ៊ុយក្រែននៅលើមូលដ្ឋាន Bipartisan ខណៈគណបក្សសាធារណរដ្ឋនឹងត្រូវទទួលបានសំឡេងគាំទ្រភាគច្រើន។

លោក Zelensky បានបញ្ជាក់ថា «លុយរបស់អ្នក មិនមែនជាជំនួយសប្បុរសធុម៌ទេ វាគឺជាការវិនិយោគលើសន្ដិសុខ និង លទ្ធិប្រជាធិបតេយ្យពិភពលោក»។

នៅចំពោះមុខសភាអាមេរិក លោក Zelensky ក៏បានរំឮកឡើងវិញថា កិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី មិនអាចជាការសម្រុះសម្រួលពាក់ព័ន្ធនឹងអធិបតេយ្យ និង បូរណភាពទឹកដីអ៊ុយក្រែនជាដាច់ខាត ជាមួយការសង្កត់ធ្ងន់ថា អ៊ុយក្រែននឹងមិនចុះចាញ់ ឬ ចុះញ៉មនោះទេ តែក៏សង្ឃឹមដែរថា គណបក្សទាំង២របស់សហរដ្ឋអាមេរិកនឹងបន្ដគាំទ្រអ៊ុយក្រែន។

សូមជម្រាបថា សង្រ្គាមនៅអ៊ុយក្រែនបានអូសបន្លាយរហូតដល់ជាង ៩ខែ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានលើអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២២ ខណៈរុស្ស៊ីបានបញ្ជាក់ថា នេះមិនមែនជាសង្រ្គាមទេ តែវាជាប្រតិបត្តិការយោធាពិសេសរបស់ខ្លួន៕

ប្រភព៖ NDTV

Share.