បន្ទាយមានជ័យ៖ ខ្យល់ធ្លាក់ប្រហែលមួយសប្តាហ៍ គេសង្កេតឃើញថា ស្រូវប្រជាកសិករដែលស្ថិតនៅវាល ឃុំអូរប្រាសាទ ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ស្លឹកឡើងក្រហមអ៊ុចៗ ប្រជាកសិករថា ស្រូវមានជំងឺក្រាស៊ី។

ប្រជាកសិករបានរៀបរាប់ថា៖ ក្រោយធ្លាក់ខ្យល់ត្រជាក់រយៈពេលជិត១សប្តាហ៍នេះឃើញស្រូវដែលត្រូវបានបង្កបង្កើនផលមានដើមដងហើយស្រាប់តែស្លឹកមានប្រែពណ៌ក្រហមស្លឹកអ៊ុចៗដែលប្រជាកសិករថាស្រូវមានជម្ងឺក្រាស៊ីដែលអាចប្រឈមស្រូវខូចអាចមិនទទួលបានផលបើមិនរកថ្នាំបាញ់ព្យាបាលទេនោះ។


ស្រូវដែលប្រែជាលក្ខណៈបែបនេះ ប្រជាកសិករខ្លះថា ក្រាស៊ី ខ្លះថាក្រាចាប់ ឃើញកើតមានលើស្រូវសែនក្រអូបភាគច្រើនក្នុងចំណោមស្រូវអ៊ីអ៊ាប្រភេទ៥៤និង៥១ ស្រូវស្រង៉ែ ដែលប្រជាកសិករកំពុងបង្កបង្កើនផលនៅស្រុកមង្គលបូរី ក្រោយទទួលអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន សម្រាប់ស្តារឡើងវិញក្រោយរងគ្រោះដោយទឹកជំនន់។


ប្រជាកសិករបានសំណូមពរដល់មន្ទីរជំនាញមេត្តាជួយចុះមកពិនិត្យ និងណែនាំដល់ប្រជាកសិករដើម្បីទប់ស្កាត់ជម្ងឺក្រាស៊ី ឬក្រាចាប់ដែលកំពុងកើតមាន។ ហើយប្រជាកសិករមួយចំនួនធ្វើតាមបទពិសោធន៍ដែលធ្លាប់ធ្វើ គឺនាំគ្នាទិញថ្នាំបាញ់ទៅតាមប្រភេទដែលខ្លួនធ្លាប់ប្រើ ដើម្បីព្យាបាល និងទប់ស្កាត់ជម្ងឺក្រាស៊ីស្រូវ។


លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ នៅឆ្នាំ២០២២នេះប្រជាកសិករដែលបានបង្កបង្កើនផលស្រូវមិនប្រកាន់រដូវផែនការផ្ទៃដី២២,០០០ហិកតា តែប្រជាកសិករបានបង្កបង្កើនផលស្រូវបានជាង៤ម៉ឺនហិកតាលើសផែនការ២២២ភាគរយ ក្រោយទឹកជំនន់បានស្រកប្រជាកសិករបានបង្កបង្កើនផលស្រូវស្តារឡើងវិញរហូតដល់ពេលនេះ ស្រូវខ្លះមានអាយុជិត២ខែហើយរយៈពេលជាង ១ ខែទៀត និងបានប្រមូលផល។ តែលោកទទួលព័ត៌មានថាស្រូវមានជម្ងឺស្លឹកក្រហមព្រោះរយៈពេលប៉ុន្មានថ្ងៃនេះដោយស្ថានភាពអាកាសធាតុត្រជាក់អាចថាប្រជាកសិករប្រើប្រាស់ថ្នាំបាញ់ព្យាបាលបានព្រោះភាគច្រើនកើតលើស្រូវសែនក្រអូបតែប៉ុណ្ណោះ៕

អត្ថបទ៖ប៉ោយប៉ែត

Share.