ព្យុះរដូវរងាដ៏ឃោឃៅបាននាំមកនូវគ្រោះថ្នាក់ និង ទុក្ខវេទនានៅថ្ងៃបុណ្យ ណូអែល ដល់ប្រជាជនអាមេរិករាប់លាននាក់កាលពីថ្ងៃ អាទិត្យ ខណៈដែលព្រិលធ្លាក់ខ្លាំង និង ខ្យល់ដ៏ត្រជាក់ខ្លាំង បានវាយប្រហារផ្នែកខ្លះនៃភាគខាងកើតសហរដ្ឋអាមេរិក ដោយអ្នកស្លាប់ទាក់ទងនឹងអាកាសធាតុបានកើនឡើងដល់យ៉ាងតិច ៣១នាក់។ នេះបើយោងយាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ច័ន្ទ ទី ២៦ ខែ ធ្នូ ឆ្នាំ ២០២២។

ស្ថានភាពវិបត្តិកំពុងកើតឡើងនៅទីក្រុង Buffalo ភាគខាងលិចទីក្រុង ញូវយ៉ក ជាកន្លែងដែលខ្យល់ព្យុះបក់បោកបានធ្វើឲ្យទីក្រុងរងគ្រោះ ដោយសេវាសង្រ្គោះបន្ទាន់មិនអាចទៅដល់តំបន់ដែលមានផលប៉ះពាល់ខ្លាំងនោះទេ។

លោក Kathy Hochul អភិបាលទីក្រុង ញូវយ៉ក បានប្រាប់អ្នកយកព័ត៌មានថា «ប្រជាជននៅតែស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់អាយុជីវិត ហើយបានព្រមានឲ្យប្រជាជនរស់នៅតែក្នុងផ្ទះ មិនអនុញ្ញាតឲ្យចេញក្រៅនោះទេ បើគ្មានការចាំបាច់»។

មនុស្សជាង ២០០,០០០នាក់ នៅទូទាំងរដ្ឋភាគខាងកើតជាច្រើន បានជួបប្រទះនឹងបញ្ហាគ្មានអគ្គិសនីប្រើប្រាស់នៅព្រឹកថ្ងៃ បុណ្យណូអែល ហើយមនុស្សជាច្រើនត្រូវផ្អាកគម្រោងការធ្វើដំណើរកំសាន្ដថ្ងៃឈប់សម្រាក បើទោះបីជាព្យុះ និង ខ្យល់បោកបក់ខ្លាំងរយៈពេល ៥ថ្ងៃ បានបង្ហាញពីសញ្ញានៃការធូរស្រាលក៏ដោយ។

អាកាសធាតុខ្លាំង បានធ្វើឲ្យសីតុណ្ហភាពធ្លាក់ចុះ ខ្យល់ត្រជាក់បំផុតនៅក្នុងរដ្ឋជាប់គ្នាំទាំង៤៨ របស់សហរដ្ឋអាមេរិក។ អ្នកដំណើរតាមអាកាសត្រូវជាប់គាំង ដោយសារជើងហោះហើររាប់ពាន់ត្រូវបានលុបចោល ហើយអ្នកស្រុកត្រូវជាប់ក្នុងផ្ទះដែលគ្រប់ដណ្ដប់ដោយទឹកកក និង ព្រិល។

អ្នកស្លាប់ទាក់ទងនឹងអាកាសធាតុចំនួន ៣១នាក់ ត្រូវបានបញ្ជាក់នៅទូទាំងរដ្ឋចំនួន៩ ដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួន បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារព្យុះចំនួន ៣០នាក់ ក្នុងនោះមាន ៤នាក់ នៅក្នុងរដ្ឋ Colorado និង យ៉ាងហោចណាស់មនុស្ស ១២នាក់ នៅរដ្ឋ ញូវយ៉ក ដោយព្រមានថា ចំនួនអ្នកស្លាប់ និង រងរបួសទំនងជានឹងកើនឡើងបន្ថែមទៀត។

អាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុង នៅតែបិទរហូតដល់ថ្ងៃ អង្គារ សប្ដាហ៍នេះ ហើយបម្រាមបើកបរសម្រាប់គ្រប់តំបន់ Erie County ដែលជាទីប្រជុំជននៅមាត់បឹង ក៏ត្រូវបានហាមប្រាមជាធរមានដែរ។

យោងតាមមន្រ្តីជាន់ខ្ពស់ម្នាក់បាននិយាយថា ដោយសារស្ថានីយ៍អគ្គិសនីខ្វះខាតថាមពល ដូច្នេះអ្នកស្រុកមួយចំនួនមិនត្រូវបានគេរំពឹងថា នឹងមានថាមពលអគ្គិសនីប្រើប្រាស់ឡើងវិញនោះទេ អាចដាច់ចរន្តអគ្គិសនីរហូតដល់ថ្ងៃ អង្គារ នេះ។

សូមជម្រាបថា អាកាសធាតុដ៏អាក្រក់ ក៏បានប៉ះពាល់ដល់បណ្តាញអគ្គិសនីផងដែរ ដោយមានក្រុមហ៊ុនផ្តល់ថាមពលជាច្រើន បានជំរុញឲ្យមនុស្សរាប់លាននាក់កាត់បន្ថយការប្រើប្រាស់ នៅកន្លែងនានាដូចជា North Carolina និង Tennessee ជាដើម៕

ប្រភព៖ CNA

Share.