ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាននិយយនៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃ អាទិត្យ ថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាជាមួយភាគីទាំងអស់ដែលពាក់ព័ន្ធនៅក្នុងសង្រ្គាមនៅអ៊ុយក្រែន ប៉ុន្ដែទីក្រុង Kyiv និង សម្ព័ន្ធមិត្តលោកខាងលិចបានបដិសេធមិនចូលរួមក្នុងកិច្ចពិភាក្សា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃ ច័ន្ទ ទី ២៦ ខែ ធ្នូ ឆ្នាំ ២០២២។

វិមានក្រឹមឡាំងបាននិយាយថា ខ្លួននឹងប្រយុទ្ធរហូតដល់គោលដៅទាំងអស់ទទួលបានជោគជ័យ ខណៈទីក្រុង Kyiv និយាយថា ខ្លួននឹងមិនសម្រាកទេ រហូតដល់ទាហានរុស្ស៊ីគ្រប់រូបត្រូវបានបណ្ដេញចេញពីទឹកដីរបស់ខ្លួន។

ទន្ទឹមនោះ លោក ពូទីន បានប្រាប់ទូរទស្សន៍រដ្ឋ Rossiya 1 ថា «យើងត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាជាមួយភាគីទាំងអស់អំពីដំណោះស្រាយដែលអាចទទួលយកបាន ប៉ុន្ដែនោះអាស្រ័យលើពួកគេ យើងមិនមែនជាអ្នកបដិសេធក្នុងការចរចានោះទេ»។

ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានសរសេរនៅលើ Twitter ថា «រុស្ស៊ីបានវាយប្រហារអ៊ុយក្រែនដោយដៃម្ខាង ហើយកំពុងសម្លាប់ពលរដ្ឋ។ រុស្ស៊ីមិនចង់ចរចាទេ ប៉ុន្ដែព្យាយាមគេចពីការទទួលខុសត្រូវ»។

យ៉ាងណាម៉ិញ លោក Podolyak បាននាំពាក្យសម្ដីរបស់លោក Zelensky ថា លោក Putin ចាំបាច់ត្រូវត្រឡប់ទៅរកការពិតវិញ ហើយទទួលស្គាល់ថា ប្រទេសរុស្ស៊ីទៅវិញទេ ដែលមិនចង់ឲ្យមានការចរចា។

សូមជម្រាបថា ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនបានកើតឡើងនៅថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២២ ដោយបានបង្កឲ្យមានជម្លោះហិង្សា សម្លាប់មនុស្សច្រើនបំផុតចាប់តាំងពីសង្រ្គាមលោកលើកទី២ និង ការប្រឈមមុខដាក់គ្នាដ៏ធំបំផុតរវាងទីក្រុង ម៉ូស្គូ និង លោកខាងលិចចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២។ រហូតមកដល់ពេលនេះ លទ្ធភាពនៃការបញ្ចប់សង្រ្គាមគឺមានតិចតួចណាស់៕

ប្រភព៖ Reuters

Share.