រដ្ឋមន្រ្តីសុខាភិបាលបាននិយាយកាលពីថ្ងៃ អាទិត្យ ថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះស៊ីតែនស្ដុកប្រេងនៅទីក្រុង Boksburg ជាទីក្រុងធំបំផុតរបស់អាហ្វ្រិកខាងត្បូង កាលពីព្រឹកថ្ងៃ សៅរ៍ បានកើនឡើងដល់ ១៥នាក់ហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នាថ្ងៃ ច័ន្ទ ទី ២៦ ខែ ធ្នូ ឆ្នាំ ២០២២។

លោក Joe Phaahla បានប្រាប់អ្នកយកព័ត៌មាននៅមន្ទីរពេទ្យ Tambo Memorial ថា កាលពីថ្ងៃ សៅរ៍ ចំនួនអ្នកស្លាប់មានចំនួនត្រឹមតែ ១០នាក់ប៉ុណ្ណោះ ហើយថ្ងៃ អាទិត្យនេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៥នាក់។

លោក William Ntladi អ្នកនាំពាក្យនៃសេវាគ្រប់គ្រងគ្រាអាសន្ន Ekurhuleni បានប្រាប់អ្នកយកព័ត៌មានថា រថយន្ដដឹកប្រេងដែលដឹកជញ្ជូនឧស្ម័នហ្គាស (LPG) បានជាប់គាំងនៅក្រោមស្ពានមួយក្នុងទីក្រុង Boksburg ភាគខាងកើតទីក្រុង Johannesburg។

ទាក់ទងនឹងឧប្បទ្ទវហេតុនេះ រដ្ឋមន្រ្តីសុខាភិបាលបាននិយាយថា បុគ្គលិកមន្ទីរពេទ្យ ៣នាក់ គិលានុបដ្ឋាយិកា ២នាក់ និង អ្នកបើកបរម្នាក់បានស្លាប់នៅពេលក្រោយ ដោយសាររបួសរលាកស្បែកធ្ងន់ធ្ងរ ខណៈមនុស្ស ៣៧នាក់ទៀតរងរបួស ហើយបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។

យ៉ាងណាម៉ិញ ប៉ូលីសកំពុងតែស៊ើបអង្កេតយ៉ាងលម្អិតជុំវិញបញ្ហានេះ ខណៈអ្នកនាំពាក្យបានឲ្យដឹងថា ប្រភេទហ្គាសដែលដឹកតាមរថយន្ដនោះ​ ​មិនទាន់ដឹង​ច្បាស់​លាស់​ពីប្រភេទ​របស់​វា​នោះទេ៕

ប្រភព៖ The Guardian

Share.