សិល្បៈ​ជាតិ​៖ ថ្វី​ត្បិត​តែ​អ្វី​ដែល​កញ្ញា​ មាន​ សូនីតា លើក​ឡើង​មាន​មិត្ត​នារីជា​ច្រើន​ពេញ​ចិត្ត​និង​គាំទ្រ​ចំពោះ​សម្ដី​របស់​កញ្ញា​ ប៉ុន្តែ​បើ​ក្រឡេក​មើល​មតិ​បងប្អូន​បុរស​ៗ​វិញ​ ទំនង​ជា​មិន​គាំទ្រ​និង​បដិសេធ​ចោល​​​ការ​យល់​ឃើញ​របស់​កញ្ញា​ថែម​ទៀត​។

កាល​ពី​ថ្ងៃ​បុណ្យ​គ្រីស្តស្មាស់​ ម្សិលមិញ​នេះ​ កញ្ញា​ មាន​ សូនីតា​ បាន​បង្ហោះ​ទស្សនៈ​ផ្ទាល់​ខ្លួន​​ដោយ​លើក​ឡើង​​២ចំណុច​។ ចំណុច​ទីមួយ​ «មនុស្ស​ប្រុស​ដែល​ជោគជ័យ​ គឺជា​មនុស្ស​ប្រុស​ដែល​រក​លុយ​បាន​ច្រើន​ជាង​​ការ​​ចំណាយ​របស់​ប្រពន្ធ​» និង​ចំណុច​ទីពីរ​ «មនុស្ស​ស្រី​ដែល​ទទួល​បាន​ជោគជ័យ​គឺជា​មនុស្ស​ស្រី​ដែល​រក​ស្វាមី​បែបនេះ​បាន​។» ដោយ​ភ្ជាប់​ជាមួយ​នឹង​ឃ្លា​ រីករាយ​ថ្ងៃ​បុណ្យ​ណូអែល​អ្នក​ទាំងអស់​គ្នា​​។

បើ​សង្កេត​មើល​ការ​បញ្ចេញ​យោបល់​របស់​អ្នក​លេង​បណ្ដាញ​សង្គម​ភាគី​នារី​ គឺ​បាន​បង្ហាញ​សារ​គាំទ្រ​និង​សាទរ​ចំពោះ​គំនិត​និង​ទស្សនៈ​ដែល​បាន​លើក​ឡើង​ខាង​លើ​របស់​កញ្ញា​​ មាន សូនីតា។ ប៉ុន្តែ​បើក្រឡេក​មើល​ភាគី​បុរស​ៗដែល​ទោះ​ជា​ Top Fan របស់​ផេក​កញ្ញា​ក្ដី​ ​​គឺ​មិន​គាំទ្រ​ចំពោះ​ការ​លើក​ឡើងរបស់​កញ្ញា​ទាល់​តែ​សោះ​។​ ត្រយង​សូមលើក​យក​ទស្សនៈ​ផ្ទុយ​ពី​ការ​យល់​ឃើញ​របស់​កញ្ញា​ សូនីតា មក​បង្ហាញ​ខ្លះ​ៗ:

មិនគាំទ្រគំនិតនេះទេ ធម្មតាអ្នករកលុយមិនដូចអ្នកចាយលុយទេ ទោះប្តីខំរកយ៉ាងណាបើប្រពន្ធគិតតែពីចំណាយក៏គ្មានថ្ងៃដែលប្តីអាចជោគជ័យដែល និយមន័យចេញមកគឺទុកលុយជាធំបាត់ហើយ
លុយមិនមែនជាអ្វីគ្រប់យ៉ាងនោះទេ។ ការជោគជ័យក៏មិនមែនលុយតែម្យ៉ាងនោះដែរ។
មានតែមនុស្សមានបញ្ហាសតិអារម្មណ៍ទេ ទើបអាចនិយាយភាសានេះបាន
មនុស្សប្រុសដែលជោគជ័យគឺមនុស្សប្រុសដែលជួបមនុស្សស្រីមិនគិតបែបនឹង?

ក្នុង​ចំណោម​ Comment ជា​ច្រើន​ដែល​បាន​ចូលមក​បង្ហាញ​ការ​យល់​ស្រប​ និង​មិន​យល់​ស្រប​ខ្លះ​ចំពោះ​អ្វី​ដែល​កញ្ញា​ មាន សូនីតា បាន​លើក​ឡើង​ គេ​ឃើញ​អតីត​ពិធីករ​យុវវ័យ​ដ៏​ពេញ​និយម​ ​តាប៊ុយ ​ក៏​បាន​បង្ហាញ​ពី​ការ​យល់​ឃើញ​ដូច​គ្នា​ដែរ​ថា​៖ «OK​ ចាំ​ដេក​ផ្ទះ​ធ្វើ​ជា​ប្រពន្ធ​ដ៏​ល្អ​ ​យើង​ធ្វើ​ជា​ប្តី​វិញ​ទៅ​ ​លុយ​ចាយ​អត់​គ្រប់​ត្រូវ​ហើយ​​ប៉ា​វា​»​

តាម​ពិត​ការ​លើក​ឡើង​របស់​ កញ្ញា មាន​ សូនីតា មិន​ខុស​នោះ​ទេ​ ចំណែក​ការ​យល់​ឃើញផ្ទុយ​ពី​កញ្ញា​ក៏​មិនខុស​នោះ​ដែរ ព្រោះ​មនុស្ស​យើង​ម្នាក់​ៗ​រមែង​មាន​គំនិត​ខុសប្លែក​ពី​គ្នា​ មិន​អាច​យល់​ឃើញ​ដូច​គ្នា​ទាំង​ស្រុង​នោះ​ឡើយ​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​យើង​គ្រប់​គ្នា​ប្រព្រឹត្តិ​តែ​អំពើ​ល្អមិន​បៀតបៀន​ មិន​បំពាន​ និង​ធ្វើ​បាប​ មិន​បង្ខិតបង្ខំ​អ្នក​ដទៃ​ នោះ​គឺជា​ការ​ល្អ​ណាស់​ទៅ​ហើយ​៕

Share.