ភ្នំពេញ ៖ យុវជនម្នាក់ដោយធ្លាក់ខ្លួននឹងល្បែងគ្រឿងញៀន រហូតដល់ឆ្លៀតឱកាសចូលទៅសំងំជក់គ្រឿងនៅនៅក្នុងបន្ទប់ទឹក នៅផ្សារទំនើបធូ លន ស្ថិតនៅផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ សន្តិសុខឃើញ រាយការណ៍ប្តឹងសមត្ថកិច្ចចាប់ខ្លួននាំយកទៅប៉ុស្តិ៍ ។

យុវជនញៀនថ្នាំ ឈ្មោះ ផល ចំរើន អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមសន្តិសុខយាមផ្សារបានឲ្យដឹងថា មុនកើតហេតុ ឃើញយុវជនខាងលើ ដើរចូលក្នុងបន្ទប់ទឹក ដោយឃើញយូរខុសប្លែក សង្ស័យ ចូលទៅបន្ទប់ជាប់នោះ ស្រាប់តែធំភាយក្លិន សង្ស័យថាគ្រឿងញៀន រាយការណ៍ទៅសមត្ថកិច្ច ចុះទៅឃាត់ខ្លួនតែម្តង ។

យុវជនខាងលើបានសារភាពថា កន្លងមកធ្លាប់សេពគ្រឿងញៀននៅផ្ទះ សមត្ថកិច្ចតាមទាន់ឃាត់ខ្លួនដាក់មណ្ឌលកែប្រែបន្សាបគ្រឿងញៀនម្តងហើយ ចេញមកវិញ បែកគំនិត ដើររកកន្លែងសេពគ្រឿងញៀន ហើយនៅលើកនេះឃើញបន្ទប់ទឹកផ្សារ ហាក់ដូចជាស្ងាត់ ចូលសង្ងំជក់ ត្រូវបានសន្តិសុខតាមទាន់ សមត្ថកិច្ចចាប់ខ្លួន ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅប៉ុស្តិ៍ចោមចៅទី២ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ÷ តាតុងសែនជ័យ

Share.