សិល្បៈ​អន្តរជាតិ៖ ថ្មីៗ​នេះ​សារព័ត៌មាន​កូរ៉េ​បាន​បង្ហោះ​លទ្ធផល​បោះ​ឆ្នោត​ពី​​អ្នក​កាសែត​ក្នុង​កម្មវិធី​ Golden Raspberry Festival ដែល​ជា​កម្មវិធី​មួយ​ផ្ដល់​ពាន​ដល់​តារា​ដែល​មាន​លទ្ធផល​អាក្រក់​បំផុត​ប្រចាំ​ឆ្នាំ​។

នៅ​ក្នុង​​ការ​បោះ​ឆ្នោត​នោះ​សារ​ព័ត៌មាន​មួយ​របស់​កូរ៉េ​ Sport Kyunghyang បាន​ទទួល​លទ្ធផលបោះ​ឆ្នោត​​ពី​អ្នក​កាសែតចំនួន​៣៤​រូប​នៅ​ក្នុង​រង្វង់​ព័ត៌មាន​សិល្បៈ​ ដោយ​បាន​ផ្ដល់​ឱ្យ​តារា​ចំនួន​៣​រូប​ដែល​ឈ្នះពាន​ក្នុង​ផ្នែក​ធំៗ​ចំនួន​៣​គឺ​ តារា​ដែល​ចរិត​ឈ្លើយ​ជាង​គេ​បំផុត​ តារា​ដែល​សម្ដែង​អន់ជាង​គេ​បំផុត​ និង​ភាព​យន្ត​ដែល​អន់​បំផុត​។

នៅ​ក្នុង​ឆ្នាំ​ទី​៦ នៃ​ការ​រៀបចំពាន​រង្វាន់​នេះ​ គេ​ឃើញ​មាន​ភាព​ខុស​ប្លែក​ពី​ឆ្នាំ​មុន​ៗ​ដែល​ពាន​រង្វាន់​តារា​ចរិត​ឈ្លើយ​រមែង​បាន​ទៅ​ Director តែ​ឆ្នាំ​នេះ​ក្រុម​អ្នក​សារព័ត៌មាន​បាន​ផ្ដល់​ពាន​នេះ​ដល់​តារា​រហូត​ដល់​ទៅ​៣​ដួង​មិន​មែន​តែ​ម្នាក់​នោះ​ឡើយ​។

១. Don Lee (51) ទទួល​បាន​សំឡេង​បោះ​ឆ្នោត​២០​សំឡេង​

តារា​ទីមួយ​ដែល​ត្រូវ​បាន​អ្នក​កាសែត​បោះ​ឆ្នោត​ឱ្យ​ជា​តារា​ដែល​ចរិត​ឈ្លើយ​នោះ​គឺ​បាន​ទៅ​លើ​ពូម៉ាប់​ Don Lee បុរស​មាឌ​យក្ស​ពី​ភាពយន្ត​ «Train to Busan»។ តារា​វ័យ ​៥១​ឆ្នាំ​រូប​នេះ​ ទទួល​បាន​​ការ​បោះ​ឆ្នោត​ចំនួន​២០​សំឡេង​។ ការ​ដែល​តារា​រូប​នេះ​ទទួល​សំឡេង​ឆ្នោត​ច្រើន​លើស​លប់​ដូច្នេះ​ព្រោះ​តែ​លោក​បាន​បដិសេធ​មិន​ផ្ដល់​សម្ភាសន៍ និង​បង្ហាញ​វត្តមាន​ក្នុង​ការ​សម្ពោធ​ភាពយន្ត​ចំនួន​២​ដែល​លោក​បាន​សម្ដែង​ក្នុង​ឆ្នាំ​២០២២​នេះ​។ រឿង​ទាំង​ពីរ​នោះ​គឺ​ «The Roundup» និង «Men of Plastic»

ក្រុម​អ្នក​កាសែត​បាន​រិះគន់​ថា​តារា​រូប​នេះ​មិន​សម​ជា​តារា​សម្ដែង​​​វិជ្ជាជីវៈ​ ​មាន​ភាពខ្ជិល​ច្រអូស​ ចំណែក​អាកប្បកិរិយា​ទៀត​សោត​ក៏​មិន​សម​នឹង​តំណែង​តួ​ឯក​ និង​ផលិតករ​នោះ​ដែរ​។ លោក​គ្រាន់​តែ​ប្រាប់​ពី​មូលហេតុ​ខ្លីៗ​ថា​ មិន​មាន​បញ្ហា​ផ្ទាល់​ខ្លួន​មិន​អាច​ផ្ដល់​សម្ភាសន៍​បាន​ ហើយ​ផ្ដល់​ដល់​អ្នក​កាសែត​នូវ Press Release ដែល​ជា​សំនួរ​ចម្លើយ​លោក​បង្កើត​ឡើង​ដោយ​ខ្លួន​ឯង​។

២. Kim Tae Ri (32) ទទួល​បាន​សំឡេង​បោះ​ឆ្នោត​១១​សំឡេង​

ថ្មីៗ​នេះ​ Kim Tae Ri ទើប​តែ​ទទួល​បាន​ពាន​រង្វាន់​ជា​តារា​សម្ដែង​ស្រី​ឆ្នើម​ពី​កម្មវិធី​ Baeksang Art Award តាម​រយៈ​តួអង្គ​ ​សិស្ស​វិទ្យាល័យ​ឈ្មោះ​​ Na Hee Do ពី​ភាពយន្ត​ «Twenty-Five Twenty-One»។ ថ្វី​ត្បិត​បាន​ទទួល​ពាន​រង្វាន់​ធំ​ក្ដី​ ក៏មិន​អាច​ជួយ​ឱ្យ​ Kim Tae Ri គេច​ផុត​ពី​ការ​រិះគន់​ពី​អ្នក​សារ​ព័ត៌មាន​ដោយ​សារ​តែ​អាកប្បកិរិយា​និង​ចរិត​មិន​សូវ​សមរម្យ​របស់​នាង​ ក្នុង​អំឡុង​សន្និសីទកាសែត​។

តំណាង​របស់​អ្នក​កាសែត​បាន​រិះគន់​ថា​ Kim Tae Ri មិន​ផ្ដោត​អារម្មណ៍​សោះ​នៅពេល​ផ្ដល់​បទ​សម្ភាសន៍​នៅ​ក្នុង​កម្មវិធី​សម្ពោធ​ភាពយន្ត​ «Alienoid» ដោយ​ធ្វើ​ចរិត​មើល​តែ​ក្មេង​​រៀន​វិទ្យាល័យ​។ ខណៈ​ដែល​អ្នក​កាសែត​​ម្នាក់​ថា​ Kim Tae Ri ចូលតួ​​និង​វិញ្ញាណ​ជា​តួអង្គ​​ Ne Hee Do។

៣. Nam Joo Hyuk (28) ទទួល​បាន​សំឡេង​បោះ​ឆ្នោត​៦​សំឡេង​

ចំណាត់​ថ្នាក់​លេខ​៣​បាន​ទៅ​តារា​សម្ដែង​សំណព្វចិត្ត​យុវវ័យ​ Nam Joo hyuk ដោយ​លោក​បាន​សំឡេង​បោះ​ឆ្នោត​ចំនួន​៦​។ ការ​ដែល​បុរស​សង្ហា​រូប​នេះ​ទទួល​បាន​ពាននឹង​ដែរ​នោះ​គឺ​មិនមែន​ដោយ​សារ​តែ​លោក​​ធ្វើ​ចរិត​មិន​ល្អ​ដាក់​អ្នក​កាសែត​នោះទេ​ ប៉ុន្តែ​ឈ្មោះ​របស់​លោក​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ Bully នៅមុន​ពេល​ដែល​លោក​ចាប់​ផ្ដើម​ប្រូម៉ូត​ភាពយន្ត​ថ្មី​ «Remember»។

តំណាង​អ្នក​សារព័ត៌មានបាន​លើក​ឡើង​ថា​បញ្ហា​ចម្រូងចម្រាស​នេះ​បាន​ធ្វើ​ឱ្យ​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ភាពយន្ត​ដែល​សម្ដែង​ដោយ​តារា​រូប​នេះ​។ ជាពិសេស​នៅ​ក្នុង​កម្មវិធី​សន្និសីទ​កាសែត​ផ្សព្វផ្សាយ​ភាពយន្តរបស់​លោក​​ ដែល​មាន​អ្នក​កាសែត​ចូលរួមកុះករ​នោះ​ ​មិន​មាន​វត្តមាន​ Nam Jok Hyuk នោះ​ឡើយ៕

ប្រភព៖ KBizoom

Share.