ត្រីរាជដែលមានទង្ងន់៤៦គីឡូក្រាម ប្រវែងជាង១ម៉ែត្រកន្លះ ត្រូវបានប្រលែងចូលក្នុងទន្លេមេគង្គវិញហើយ ក្រោយពីពលរដ្ឋនេសាទបាន។ លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល បានបង្ហោះព័ត៌មាននេះលើទំព័រហ្វេសប៊ុករបស់លោកនាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ។

បើតាមលោកអភិបាលស្រុក មុននឹងប្រលែងចូលទៅកាន់ទឹកទន្លេវិញ សង្កាត់រដ្ឋបាលជលផលស្រុកខ្សាច់កណ្តាល បានសហការជាមួយក្រុមការងារវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប បំពាក់ផ្លាកសញ្ញាសំគាល់លើត្រីរាជនោះដើម្បីដឹងនូវដំណើរហែលត្រាច់ចររបស់ត្រី។

សូមបញ្ជាក់ថាត្រីរាជមួយក្បាលនេះ ត្រូវបានពលរដ្ឋនេសាទបាននៅផ្ទៃទន្លេស្ថិតក្នុងភូមិស្វាយអាត់លើ ឃុំ ព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ពលរដ្ឋជាប្រជានេសាទកាន់តែមានការយល់ដឹងអំពីគុណតម្លៃនៃត្រីរាជ ហើយពួកគាត់តែងតែរាយការណ៍នៅពេលនេសាទបានត្រីកម្រនេះម្ដងៗ៕

Share.