ភ្នំពេញ៖បុរសជនបរទេសម្នាក់បើករថយន្ដមួយគ្រឿងទៅបុកម៉ូតូមួយគ្រឿងបណ្ដាលអោយដួលរងកាខូចខាត ឯអ្នកបើកបររងរបួធ្ងន់ចំណែកអ្នកបើករថយន្ដបានបាត់បង់អាយុជីវិតភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩:៣០នាទីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្ដបង្កម៉ាក Nisan Frontier ពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ 2BG-1769 បើកបរដោយបុរសជាជនបរទេសម្នាក់រងការខូចខាតបន្តិចបន្ទួច ឯម៉ូតូរងការខូចខាតផ្នែកខាងមុខ។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជាជនបរទេសបើករថយន្ដបង្ក ហេតុខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ គេសង្ស័យថាអ្នកបើកបរមានបញ្ហាសុខភាព ក៏បើករថយន្ដរេចង្កូតទៅបុកពីក្រោយ ម៉ូតូហុងដាឌ្រីមមួគ្រឿង ពណ៌ ខ្មៅពាក់ស្លាកលេខ 1FN-2588 ធ្វើដំណើរក្នុងទិសដៅស្របគ្នា បណ្ដាលអោយម៉ូតូដួលបោកនឹងថ្នល់។ ឯស្រ្តីដែលជាអ្នកបើកបររងរបួសធ្ងន់ ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះភាមៗនៅឯមន្ទីពេទ្យ។ចំណែករថយន្ដបង្កមិនទាន់អស់ល្បឿនក៏បន្ដទៅបុកថូផ្កានៅមុខផ្ទះប្រជាពលរដ្ឋបណ្ដាលអោយបែកបាក់ខ្ទេចខ្ទី។ ឯបុរសជាអ្នកបើកបរបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។សមត្ថកិច្ចបានសន្និដ្ឋានជាជំហានដំបូងថា ជនរងគ្រោះពេលកំពុងបើករថយន្ដអាចមានជំងឺគាំងបេះដូងទើបបណ្ដាលអោយបាត់បង់ជីវិតភ្លាមៗបែបនេះ។

សពជនរងគ្រោះជាជនជាតិបារាំង មានឈ្មោះ អែនឌី ភេទប្រុស អាយុ៥០ឆ្នាំ បច្ចុប្បន្នស្នាក់នៅម្ដុំទំបន់កប់ស្រូវ។

ក្រោយពីកើតហេតុសមត្ថកិច្ចបានធ្វើកំណត់ហេតុលើសពជនរងរួចនិងបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកម៉ូតូនិងរថយន្ដសមត្ថកិច្ច ក្រោយពីវាស់វែងរួចស្ទួចយកទៅរក្សាទុក នៅអធិការដ្ឋាន នរគបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ត្រយងតូច

Share.