ភ្នំពេញ៖មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើង២ករណីជាបន្តបន្ទាប់នៅលើផ្លូវតែមួយខុសតែពេលវេលាតែប៉ុណ្ណោះ។ហេតុការណ៍ទិ១កើតឡើងនៅវេលាម៉ោង២និង១០យប់ រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២ដោយមានរថយន្តម៉ាស្តាបានបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យបាក់អស់មួយកង់ខ្ទាតទៅចំណីផ្លូវម្ខាងនៅចំហៀងខាងកើត រថយន្តដាច់ក្រឡេកង់ខាងឆ្វេងទៅមុខលែងរួច។

លុះនៅវេលាម៉ោង៣និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃខែឆ្នាំដដែលក៏មានរថយន្តម៉ាឡិចស៊ីស RX330បានបុករបាំងថ្មចែកទ្រូងផ្លូវនៅចំហៀងខាងលិចបណ្ដាលឱ្យបាក់អស់មួយកង់ខ្ទាតទៅចំណីផ្លូវម្ខាងទៀតដែរ រថយន្តដាច់ក្រឡេកង់ខាងឆ្វេងដូចគ្នាទៅមុខលែងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំងពីរករណីនេះ នៅតាមបណ្ដោយផ្លូវសម្ដេចព្រះមុនីរ៉េតផ្លូវ 217 ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញរថយន្តម៉ាកម៉ាស្តា ពណ៌បៃតងចាស់ស៊េរីឆ្នាំ2016 ពាក់ស្លាកលេខភ្នំពេញ2BR.4482បើកបរដោយបុរសម្នាក់និងរួមដំណើរនារីនិងបុរស២នាក់ ទៀត តាមបណ្ដោយផ្លូវសម្ដេចព្រះមុនីរ៉េត ទិសដៅពីកើតមកលិច។លុះពេលមកដល់ចំណុចកើតហេតុខាងលើក៏រេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ ពេញទំហឹងបណ្ដាលឱ្យបាក់អស់មួយកង់ខ្ទាតទៅផ្លូវម្ខាងរថយន្តដាច់ក្រឡេកង់ខាងឆ្វេងទៅមុខកន្លែងរួច។

ក្រោយមកទៀតក៏មានរថយន្តម៉ាកLexus 330 ពណ៌ស ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខភ្នំពេញ2BS.3952 បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវសម្ដេចព្រះមុនីរ៉េត(217) ទិសដៅពីកើត មកលិច ខណៈមកដល់ចំណុចកើតហេតុខាងលើបាន រេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់មួយកង់ខ្ទាតទៅចំណីផ្លូវម្ខាងដាច់ក្រឡេកង់ខាងឆ្វេងខាងមុខដូចគ្នាទៅមុខលែងរួច។ តែក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំងពីរករណីនេះមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយពីកើតហើយសមត្ថកិច្ចជំនាញចរាចរណ៍មកវាស់វែងរថយន្តទាំងពីរគ្រឿងទៅរក្សាទុកនូវការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទ៖ត្រងយងតូច

Share.