បន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត ឃាត់ខ្លួននារីជនជាតិថៃ ជាបុគ្គលិកកាស៊ីណូ ម្នាក់ ករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២ ២ នៅចំណុចកាស៊ីណូ ផាលេសផ្តាស់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យជនជាតិថៃឈ្មោះ កុងចៃ ឡាក់សាម៉ី (ហៅលុកម៉ី) ភេទស្រី អាយុ ២៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ព្រមទាំងដកហូតវត្ថុតាងរួមមាន ៖ .មាសសន្លឹកចំនួន ០៥សន្លឹក, កង ដៃលោហៈធាតុពណ៌លឿងចំនួន០១កង, ឡែបថប់ ០១គ្រឿង, នាឡិកា១គ្រឿង, ខ្សែកលោហៈធាតុ ពណ៌លឿង ១ខ្សែ, ទូរស័ព្ទម៉ាក Iphone 14pro max ១គ្រឿង, ប្រាក់ថៃចំនួន ១សែនបាត។

តាមលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ការឃាត់ខ្លួននារីជនជាតិថៃនេះ តាមពាក្យបណ្តឹងឈ្មោះ ប៉េង រស្មី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកក៏បានបន្តទៀតថា កាលពីនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២២ ជនសង្ស័យ ជនជាតិថៃ ជាបុគ្គលិកនៅក្នុងកាស៊ីណូ ផាលេសផ្តាស់ក្រុប មានតួនាទីកាន់ផ្នែកគណនេយ្យ ផ្ទេរប្រាក់ចេញចូលនៅក្នុងក្រុមហ៊ុន ដោយមានការសង្ស័យខាងក្រុមហ៊ុនបានធ្វើការត្រួតពិនិត្យបញ្ជីរបស់ក្រុមហ៊ុនក៏ស្រាប់តែបានឃើញថាជនសង្ស័យ បានផ្ទេរប្រាក់ចេញពីក្រុមហ៊ុនចាប់តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ សរុបជាទឹកប្រាក់ទាំងអស់ចំនួន ៧៤,៥៧៧,២៤៤ បាត (ប្រាំពីលាន បួនសែន ប្រាំពីម៉ឺន ប្រាំពីពាន់ពីរយសែសិបបួន បាត)។

ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វេីសកម្មភាពលួចផ្ទេរប្រាក់របស់ក្រុមហ៊ុនពិតប្រាកដមែន។ ដោយផ្អែកតាមចម្លេីយសារភាព និងមានវត្ថុតាង ជនសង្ស័យ ត្រូវបានបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ ចាត់ការបន្តតាមនិតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ការបង្ក្រាបករណីលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្ត បន្ទាយមានជ័យហើយនៅរសៀលថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ ២០២២។ ចំណែកវត្ថុតាង ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតប្រគល់ជូនម្ចាស់ដេីមវិញហើយ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.