អាជ្ញាធរបាននិយាយនៅថ្ងៃ អង្គារ នេះថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ចំថ្ងៃ បុណ្យណូអែល នៅភាគខាងត្បូងប្រទេស ហ្វីលីពីន បានកើនឡើងដល់ ១៣នាក់ហើយ ខណៈការស្វែងរកនៅតែបន្ដដើម្បីជួយសង្រ្គោះមនុស្ស ២៣នាក់ទៀត ស្របពេលដែលទឹកជំនន់បានចាប់ផ្ដើមស្រកចុះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ CNA នាថ្ងៃ អង្គារ ទី ២៧ ខែ ធ្នូ ឆ្នាំ ២០២២។

ទីភ្នាក់ងារគ្រោះមហន្ដរាយបាននិយាយថា ការស្លាប់ភាគច្រើនគឺបណ្ដាលមកពីការលង់ទឹក ដោយសារមានទឹកជំនន់ភ្លាមៗ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងរយៈពេល ២ថ្ងៃ បានរំខានដល់ការប្រារព្ធពិធីបុណ្យគ្រីស្ដស្មាស់ និង បង្ខំឲ្យមនុស្សជាង ៤៥,០០០នាក់ ជម្លៀសទៅកាន់មណ្ឌលជម្លៀសដើម្បីសុវត្ថិភាព។

លោក Carmelito Heray ប្រធានទីភ្នាក់ងារគ្រោះមហន្តរាយទីក្រុង Clarin ក្នុងខេត្ត Misamis Occidental បានប្រាប់ស្ថានីយ៍វិទ្យុ DZBB ថា ការជួយសង្រ្គោះនៅតែបន្ដ ហើយការខូចខាតដល់វិស័យកសិកម្មកំពុងត្រូវបានវាយតម្លៃ។

សូមជម្រាបថា ភាគកណ្ដាល និង ភាគខាងត្បូងប្រទេស ហ្វីលីពីន បានរងការវាយប្រហារដោយសារអាកាសធាតុអាក្រក់ៗ ខណៈប្រទេសដែលមានប្រជាជនចំនួន ១១០លាននាក់ និងជាប្រទេសងាយរងគ្រោះដោយសារគ្រោះមហន្ដរាយមួយនេះ បានចាប់ផ្ដើមការឈប់សម្រាករដូវកាលបុណ្យ ណូអែល និង បុណ្យឆ្លងឆ្នាំសកលរយៈពេលយូរ។

ប្ភព៖ CNA

Share.