ភ្នំពេញ៖ អ្នក​តាម​ដាន​ព្រឹត្តិការណ៍​សង្គម​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ប្រហែល​ជា​បាន​ជ្រាប​ខ្លះ​ៗ​ហើយ​ថា​មួយ​រយៈ​នេះ​ក្រុមហ៊ុន​ ឡេង ណាវ៉ាត្រា បាន​ប៉ះទង្គិច​គ្នា​ជាមួយ​នឹង​​សារព័ត៌មាន​ខ្មែរ​ខូវឺ​ធីវី​​ពាក់​ព័ន្ធ​នឹង​ករណី​លុប​ព្រែកវត្តជ្រៃបឹងគ្រំ​ ដោយ​ភាគី​ក្រុមហ៊ុន ហ្គាឡាក់ស៉ី ណាវ៉ាត់ត្រា គ្រុប ឯ.ក របស់អ្នកឧកញ៉ា​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​នេះ​​។ ដោយ​ឡែក​ភាគី​សារព័ត៌មាន​ខូវឺធីវី​ទើប​តែ​ចេញ​លិខិត​បំភ្លឺ​៥​ចំណុច​ ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់​ផេក​ផ្លូវ​ការ​​របស់​អ្នក​ឧកញ៉ា​ ឡេង ណាវ៉ាត្រា។

នៅ​ក្នុង​សេចក្ដី​បំភ្លឺរបស់​សារព័ត៌មាន​ខ្មែរ​ខូវឺ​ធីវី ដែល​បាន​ចេញ​នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ​ ឆ្នាំ​២០២២ ​មាន​សេចក្ដី​លម្អិត​ដូច​ខាង​ក្រោម​នេះ:

បន្ទាប់​ពី​សារព័ត៌មាន​ខ្មែរ​ខូវឺធីវី​បាន​ចេញ​លិខិត​បំភ្លឺ​ដូច​បាន​រៀបរាប់​ខាង​លើ​ ផេក​ផ្លូវការ​របស់​អ្នក​ឧកញ៉ា​ ឡេង ណា​វ៉ា​ត្រា បាន​យក​លិខិត​របស់​សារព័ត៌មាន​ខាង​លើ​មក​បង្ហោះ​ដោយ​ភ្ជាប់​នូវ​ខ្លឹមសារ​ឆ្លើយ​តប​ ៤​ចំណុច​វិញ​ថា:

​1. ក្រុមកាងារបងតើអី?
2. ការផុសរូបគឺជា ការបញ្ជាក់ក្រុមការងាររបស់បងរឿងពិតហើយតើ
3. ចុះផ្សាយពីខ្ញុំ អត់សួរពីចេតនាខ្លួនឯង? ដល់ពេលខ្ញុំផ្សាយវិញ ថាមិនដឹងចេតនាអ្វី? បងមិនយល់ឬក៏ធ្វើមិនយល់? នេះខ្ញុំប្រើផេកមួយទល់នឹងមួយនៅឡើយទេបង។
4. ចងចាំ👉ការដោះបញ្ហាដោយភាពថ្លៃថ្នូរ ចំពោះតែមនុស្សថ្លៃថ្នូរប៉ុណ្ណោះ ខ្ញុំមិនដែលទៅពាក់ព័ន្ធជាមួយអ្នកណាឡើយ ចរិតខ្ញុំគឺខ្ញុំធ្វើគឺខ្ញុំទទួល🙏🙏។ តែលោកទេដែលយកឈ្មោះ(លោក) មកគំរាមខ្ញុំ បើសិនជាថ្ងៃជូនដំណឹងដំបូងលោកព្រម ស្រាយបំភ្លឺបែបដូចដាក់សារមកtelegramនោះប្រាកដជាចប់បាត់ហើយ តែបងឌឺពេករហូតរឿងកាន់តែធំរហូតពិបាកថយក្រោយ កាន់តែពន្យល់កាន់តែចុះផ្សាយ។

ផេក​របស់​អ្នក​ឧកញ៉ា​បាន​បន្ថែម​ទៀត​ថា​៖ «ខ្ញុំ​ក៏​មិន​និយាយ​អ្វី​ច្រើន​ដែរ​ ​ព្រោះ​មុន​នឹង​ខ្ញុំ​ ​លើក​ហេតុផល​ពន្យល់​ជាមួយ​បង​ ​ខ្ញុំ​បាន​ ​ឆ្លង​យោបល់​(លោក​🙏)​ ដែល​បង​យក​ឈ្មោះ​មក​ប្រើ​នោះ​ហើយ​🙏​។​គាត់​បាន​ប្រាប់​ច្បាស់​ៗ​មក​ខ្ញុំ​ហើយ​ ​ទើប​ខ្ញុំ​ហ៊ាន​​ព្យា​យាម​ពន្យល់​បងប្រុស​បន្ថែម​ ​តែ​ដល់​ចុងក្រោយ​បង​នៅ​ប្រើ​ឈ្មោះ​(​🙏​លោក​មែន​)​។​ ​ខ្ញុំ​មិន​ដែល​ទម្លាប់​ ​ពាក់ព័ន្ធ​ជាមួយ​អ្នក​ផ្សេង​ទេ​ ​លោក​ពិចារណា​ខ្លួន​ឯង​ចុះ​ ​មុន​នឹង​ខ្ញុំ​ធ្វើអ្វី​ ​ខ្ញុំ​បាន​ព្យាយាម​ឲ្យ​អស់​លទ្ធភាព​ហើយ​។​ ​ហើយ​បើ​និយាយ​ពី​ថ្លៃថ្នូរ​វិញ​ ​គឺ​ស្មើភាព​គ្នា​ណាស់​ហើយ​ ​បង​ផ្សាយ​ពី​ខ្ញុំ ​ខ្ញុំ​ផ្សាយ​ពី​បង​ ​បង​យល់​បាន​ទេ​ មាន​មតិ​ខ្លះ​ថា​ខ្ញុំ​ ​ទម្លាក់​ខ្លួន​ពេក​ផង​ ​តែ​សម្រាប់​ខ្ញុំ​ ​គឺ​ស្មើ​ភាព​គ្នា​ជាមួយ​បង​។​»​

សូម​រំលឹក​ឡើងវិញ​ថា​ ក្រុមហ៊ុន ហ្គាឡាក់ស៉ី ណាវ៉ាត់ត្រា ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ដោយ​បានស្នើដល់សារព័ត៌មានខ្មែរ​ខូវឺធីវី លុបចោលនូវវីដេអូ និងសំណេរជាអក្សរដែលផ្សាយនៅលើទំព័រ Facebook របស់ស្ថាប័ននោះដែលចុះផ្សាយកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។

​កន្លង​មក​​ ក្រុមហ៊ុន ហ្គាឡាក់ស៉ី ណាវ៉ាត់ត្រា គ្រុប ឯ.ក បានអះអាងថា ខ្លួននឹងដាក់ពាក្យបណ្ដឹង ដើម្បីសង្គ្រោះសិទ្ធិដែលបានបំពាន ពីសំណាក់អង្គភាពសារព័ត៌មាន គណនី Facebook ខ្មែរខូវឺធីវី តាមច្បាប់ជាធរមាន ខណៈ​ដែល​ភាគី​សារព័ត៌មាន​ខ្មែរ​ខូវីធីវី​ក៏​រក្សា​គោលជំហរ​មិន​លុបចោល​អត្ថបទ​ដែល​ខ្លួន​ចុះ​ផ្សាយ​ដោយ​សំអាងថា​មាន​ប្រភព​ច្បាស់លាស់​ព្រោះ​ក្រុមការងារ​បាន​ចុះ​ទៅ​ដល់​ទីតាំង​ផ្ទាល់​។

អាន​អត្ថបទដើម​​ ៖ ក្រុមហ៊ុនឡេងណាវ៉ាត្រាបូមខ្សាច់ចាក់លុបព្រែកវត្តជ្រៃបឹងគ្រំធ្វើផ្លូវបេតុងឆ្ពោះទៅកាន់តំបន់ដីឡូត៍របស់ខ្លួន អាចនឹងជន់លិចរាជធានីភ្នំពេញនាពេលអនាគត៖…

អ្នក​លេង​បណ្ដាញ​សង្គម​កំពុង​តែ​តាម​ដាន​ព័ត៌មាន​នេះ​យ៉ាង​យក​ចិត្តទុកដាក់​ ព្រោះ​ចង់​ដឹងថា​តើ​បញ្ហា​នេះ​នឹង​ដោះ​ស្រាយ​ដោយ​របៀប​ណា​ ហើយ​នៅ​ទីបញ្ចប់​ភាគីមួយ​ណា​គឺជា​អ្នក​ឈ្នះ​នៅ​ក្នុង​ករណី​ដ៏​រសើបមួយ​នេះ​៕

Share.