បន្ទាយមានជ័យ៖  ក្មេងស្រីអាយុជាង១០ឆ្នាំម្នាក់ត្រូវម៉ូតូកង់បីច្នៃខុសបច្ចេកទេសដឹកសណ្ដែកបាយ បុកស្លាប់ នៅតាមបណ្ដោយផ្លូវបេតុង កាលពីវេលាម៉ោងជាង៣រសៀលថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០២២ ។

តាមសាច់ញាតិថា ក្មេងរងគ្រោះឈ្មោះម៉េត ចរិយា អាយុជាង១០ឆ្នាំ រស់នៅក្នុងភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត។ សាច់ញាតិក្មេងរងគ្រោះបញ្ជាក់ទៀតថា មុនកើតហេតុក្មេងរងគ្រោះបានជិះម៉ូតូបីនាក់បងប្អូនដោយបងប្រុសឈ្មោះប៉ី អាយុ១៥ឆ្នាំនិងប្អូនប្រុសពៅម្នាក់ទៀត ឈ្មោះហៅក្រៅអាជ្រូក ភេទប្រុសអាយុ៧ឆ្នាំ   ដោយជិះម៉ូតូម៉ាកឃ្លីកពណ៌សលាយខ្មៅស្របទិសគ្នាក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានសុីញ៉ូបត់ចូលតូបឪពុកម្ដាយលក់ដូរ ស្រាប់តែម៉ូតូកងបីដែលបើកក្នុងល្បឿនលឿនបានមកបុកពីក្រោយបណ្ដាលឱ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូដូលចូលក្រោមកង់បីកិនចំក្បាលបណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ ចំណែកបងប្រុសនិងប្អូនពៅរងរបួសស្រាល។  រីឯម្ចាស់ម៉ូតូកង់បីមិនស្គាល់អត្តសញ្ញាណ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញនគរបាលក្រុងបានចុះវាស់វែងនិងនាំយកវត្ថុតាងទៅរក្សាទុកនៅកន្លែងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។

ជាមួយគ្នានោះ អ្នកស្រុកក៏បានលើកឡើងថាៈតាមផ្លូវបេតុងមួយចំនួននៅក្នុងក្រុងប៉ោយប៉ែតស្ទើរក្លាយជាចំណតចតរថយន្ត ម៉ូតូនិងដាក់តាំងលក់ទំនិញធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ចរាចរណ៍ ផ្លូវតូចចង្អៀតបាត់បង់សោភណភាពក្រុង ប៉ុន្តែការធ្វើសណ្ដាប់ធ្នាប់របស់សមត្ថកិច្ចហាក់បីដូចធូររលុង។ ម្យ៉ាងទៀតចំពោះការបើកបរតាមផ្លូវតូចធំសម្បូរដោយក្មេងមិនគ្រប់អាយុហើយច្បាប់ក៏ធូររលុងទៀត ដែលកត្តាទាំងនេះធ្វើឱ្យមានគ្រោះចរាចរណ៍បាត់បង់ជីវិតមានការកើនឡើង៕

អត្ថបទ៖ ប៉ោយប៉ែត

Share.