ព្រះសីហនុ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបករណីចាប់ជំរិតទារប្រាក់ពីជនជាតិចិន ចំនួន៣,៥០០ដុល្លារ នៅក្រុងព្រះសីហនុ ដោយរំដោះបានជនរងគ្រោះម្នាក់ និងចាប់ខ្លួនជនល្មើសចំនួន៦នាក់ជាបន្ដបន្ទាប់ ដោយក្នុងនោះមានខ្មែរ៣នាក់ និងជនជាតិចិន៣នាក់ នៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងនៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះថា នៅវេលាម៉ោង៨យប់ថ្ងៃទី២៦ ខែធ្នូម្សិលមិញ មានស្ត្រីជនជាតិខ្មែរម្នាក់ បានមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុថា មានជនមិនស្គាល់អត្តសញ្ញាណបានទូរស័ព្ទមកខ្លួន ហើយប្រាប់ថាមិត្តប្រុសរបស់ខ្លួន ជាជនជាតិចិន ត្រូវបានពួកគេចាប់ជំរិត ហើយក្រុមជនសង្ស័យបានទារប្រាក់ចំនួន ៣,៥០០ដុល្លារ ទើបព្រមដោះលែង បន្ទាប់មកខ្លួនបានវេរប្រាក់ឲ្យទៅក្រុមជនសង្ស័យអស់១,០០០ដុល្លារ តែពួកគេមិនព្រមដោះលែងមិត្តប្រុសរបស់ខ្លួនមកវិញទេ។

បន្ទាប់ពីទទួលបណ្តឹងភ្លាម កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវយ៉ាងចិត្តទុកដាក់ និងបានសហការជាមួយកម្លាំងអធិការក្រុងព្រះសីហនុ រហូតដល់វេលាម៉ោង ០៨៖៣០នាទីយប់ ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់រថយន្ត១គ្រឿង ម៉ាក ALPHARD ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BQ-6423 នៅបណ្តោយផ្លូវល្បឿនលឿន និងឃាត់ខ្លួនជនសង្ស័យ ជនជាតិខ្មែរ ចំនួន៣នាក់ ព្រមទាំងរំដោះបានជនរងគ្រោះម្នាក់។

បន្ទាប់មក កម្លាំងជំនាញបន្តឃាត់ខ្លួនបក្ខពួកជនសង្ស័យ៣នាក់ ជាជនជាតិចិនបន្ថែមទៀត នៅចំណុចសណ្ឋាគារមួយកន្លែង ស្ថិតក្នុងភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ នាំយកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំបន្តនីតិវិធី។

សម្ភារវត្ថុតាងចាប់យកបាន រថយន្ត២គ្រឿង ម៉ាក ALPHARD ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BQ-6423 និងម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BV-9889។ កាំបិតស្នៀត ២ដើម, ទូរស័ព្ទដៃចំនួន៩គ្រឿង, ម្សៅក្រាមសថ្លា (សង្ស័យជាសារធាតុញៀន) ១កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន ១ឈុត។ ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កំពុងធ្វើការសួរនាំ និងស្រាវជ្រាវចាប់បក្សពួកដែលនៅសេសសល់៕

អត្ថបទ៖ ព្រះសីហនុ

Share.