ព្រះសីហនុ៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ៥នាក់ ទៅអយ្យការអមសាលាដំបូងខេត្ដ ពាក់ព័ន្ធនឹងករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សខុសច្បាប់ ។

លោកឧត្តមសេនីយ៌ត្រី ហេងប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុឲ្យដឹងថា នៅវេលាម៉ោង១៥:៣០នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ០៥នាក់ រួមនិងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ ពាក់ព័ន្ធនឹងករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សខុសច្បាប់ ប្រព្រឹត្តឡើងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចហាងស៊ុប យីហោ ប៉ៃ វៃ ស៊ាង ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ យកទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការនៃការស្រាវជ្រាវស៊ើបអង្កេតករណីខាងលើ ធ្វើឡើងក្រោមបទបញ្ជាពីឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងនោះកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សម្របសម្រួលនីតិវិធីពី ឯកឧត្ដម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដបន្ទាយមានជ័យ និងឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យទាំង០៥នាក់ មានជនជាតិចិន ០៣នាក់, ជនជាតិខ្មែរ ០២នាក់។


ចំពោះវត្ថុតាងដែលសមត្ថកិច្ចចាប់ដកហូតវត្ថុតាងរួមមាន÷ ទូរស័ព្ទដៃ ចំនួន ០៦គ្រឿង , អាយភេត ចំនួន ០១គ្រឿង, លិខិតឆ្លងដែនជនជាតិចិនចំនួន ០៤ច្បាប់, បង់អាវុធខ្លី ១ មាន២គ្រាប់ ,នាឡិកាដៃ ចំនួន ០១គ្រឿង, ចិញ្ចៀនលោកហធាតុពណ៌ប្រាក់ ចំនួន ០១, កាតផ្សេងៗមួយចំនួន, កាបូបស្ពាយ ចំនួន០១ , រថយន្ត ម៉ាកហាយឡេនដឺ០១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 2B-7978 ៕

អត្ថបទ៖ ព្រះសីហនុ

Share.