ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ មេជាងពឹងឲ្យទៅជួយរើផ្ទះ ទើបបានតែ២ថ្ងៃ ខ្យល់គធ្លាក់ទឹកស្រះស្លាប់ ត្រូវបានបងប្អូនប្រជាពលរដ្ឋ អ្នកដំណើរ ប្រទះឃើញ បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅពិនិត្យ កាលពីវេលាម៉ោង៦ និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងទឹកត្រពាំងសេះ តាមផ្លូវបេតុង ខាងជើងវិទ្យាល័យទួលស្នោ ស្ថិតនៅក្នុងភូមិស្នោកើត សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ព្រំ សុផន ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះ ជុក សារ៉ន អាយុ៤៦ឆ្នាំ ស្នាក់នៅការដ្ឋានសំណង់ នៅភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានស្រុកកំណើតនៅភូមិសន្ទៃ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

យោងតាមការបំភ្លឺពីបុរសជាមេជាងសំណង់ បានឲ្យដឹងថា គាត់បានពឹងជនរងគ្រោះ ឲ្យមកជួយរើផ្ទះពីម្តុំភ្នំប្រសិទ្ធ ឃុំឃ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ហើយរើដឹកយកមកដាក់នៅ ក្បែរវិទ្យាល័យទួលស្នោ ស្ថិតនៅក្នុងភូមិកើតហេតុ អស់រយៈពេល២ថ្ងៃទៅហើយ ស្រាប់តែមកដល់ព្រឹកនេះ ប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងទឹកទៅវិញ ។

បើតាមកម្មករសំណង់ដូចគ្នា បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ជនរងគ្រោះ និងកម្មករផ្សេងទៀត ហូបបាយ ហូបស្រារួច នាំគ្នាចូលសម្រាករៀងខ្លួន ហើយក៏មិនដឹងថាជនរងគ្រោះក្រោកងើបដើរទៅមាត់ស្រះនៅពេលណាដែរ ទើបតែនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នេះ ក្រោយពីភ្ញាក់ផ្អើល ប្រទះឃើញសាកសព ក្នុងទឹកស្រះ លុះសមត្ថកិច្ចស្រង់ឡើងគោក ពិនិត្យមើល ទើបស្គាល់ ដឹងថាជាជនរងគ្រោះ ដើរទៅធ្លាក់ទឹកស្លាប់ ។

សាកសពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញ ស្រង់ឡើងគោក ពិនិត្យកោសល្យវិច័យ និងបំភ្លឺពីសាច់ញាតិ ពីក្រុមជាងសំណង់ សន្និដ្ឋានថា ជនរងគ្រោះងើបដើរទាំងដណ្តប់ឃ្លុំភួយ ខ្យល់គរធ្លាក់ទឹក ឈ្លក់ស្លាប់ រួចប្រគល់ សពជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕

អត្ថបទ៖តាតុង សែនជ័យ

Share.