ភ្នំពេញ៖រថយន្តធុនធំអូសសណ្តោងទូកុងតឺន័រមួយគ្រឿង អ្នកបើកបរងងុយដេក ងោកមួយភាំងរថយន្តរេចង្កូតហោះឡើងទ្រូងផ្លូវ ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់រលើងដាច់ខ្ទេចខ្ទី ហើយរថយន្តមិនទាន់អស់ល្បឿន បោលឆ្លងផ្លូវធ្លាយទៅបំណែកផ្លូវម្ខាងទៀត ដល់មុខសំណង់ផ្ទះល្វែង ទើបឈប់ទៅមុខលែងរួច អ្នកបើកបរចុះគេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រចូលថ្លៃទី២៨ ខែធ្នូ ឆ្នាំ២០២២ មកម្ល៉េះ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ មុខសំណង់ផ្ទះល្វែង ស្ថិតនៅក្នុងភូមិស្រែតេជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រថយន្តបានទុកចោលមួយយប់ទល់ព្រឹក ទើបរាយការណ៍ប្រាប់សមត្ថកិច្ច ។

តាមប្រជាពលរដ្ឋ បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តបង្ក ម៉ាកហុីយ៉ាន់ដាយពណ៌លឿងពាក់ស្លាកលេខ ភ្នំពេញ 3E-4405 អូសសណ្តោងរុឺម៉កផ្ទុកទូកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 4A-5130 បើកបរល្បឿនលឿន តាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ក្នុងទិសដៅពីត្បូងទៅជើង ដល់ចំណុចកើតហេតុ អ្នកបើកបបរងងុយដេក ងោកមួយភាំង រេទាញចង្កូតហោះឡើងទ្រូងផ្លូវ បុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់រលើងដាច់មួយដើម បុកទាំងបង្គោលស្លាកប៉ាណូ ដាច់បាក់ប៉ើង រថយន្តមិនទាន់អស់ល្បឿនបោលឆ្លងទៅបំណែកផ្លូវម្ខាងទៀត ជិតដល់សំណង់ផ្ទះល្វែង ទើបឈប់ស្ងៀត អ្នកបើកបរចុះរត់គេចខ្លួនបាត់ទុកតែរថយន្តចោលនៅកន្លែងកើតហេតុពេញមួយយប់ រហូតដល់ព្រឹកឡើងថ្ងៃដដែល ទើបពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ច ។

ក្រោយពីរថយន្តបុកបង្គោលភ្លើង បង្គោលស្លាកប៉ាណូ ហើយទុកចោល នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ

រថយន្តក្រោយកើតហេតុ ទុកចោលពេញមួយយប់ រហូតដល់ព្រឹកថ្ងៃដដែល ទើបផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ ផលប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋ ហើយត្រូវបានប្រគល់ឲ្យការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ ចាត់ចែងស្ទូចយកទៅរក្សាទុក រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.