ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានជូនដំណឹងថា នៅព្រឹកថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ២០២២នេះ​ ត្រូវនឹងល្ងាចថ្ងៃទី២៧​ ខែធ្នូ​ ម៉ោងនៅសហរដ្ឋអាមេរិក​ លោក​ គ្រី​ ម៉ះផល​ ត្រូវបាន​ដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន​ បន្ទាប់ពីបានឆ្លងកាត់ការតស៊ូតាមផ្លូវច្បាប់​ដ៏ស្វិតស្វាញ​ ដោយ​មានមេធាវីអាមេរិកចំនួន២រូប​ជួយការពារក្តី​ នៅតុលាការអាមេរិក​ តាមរយ:ការផ្តល់ការជួយជ្រោមជ្រែង​ចាំបាច់​ និងទាន់ពេលវេលា​ ពីស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក​ ក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។

ការធានាបាននូវយុត្តិធម៌សម្រាប់មន្ត្រីកម្ពុជា​ទាំងអស់​ រួមទាំងលោក​ គ្រី​ ម៉ះផល​ ផងដែរ​ ដែលជួបបញ្ហាក្នុងពេលបំពេញបេសកកម្មនៅបរទេស​ដេីម្បីផលប្រយោជន៍ជាតិ​​ គឺជាកាតព្វកិច្ចរបស់​រាជរដ្ឋាភិបាលកម្ពុជា​។

បើតាមក្រសួងកសិកម្ម នេះគឺជាជំហានដ៏វិជ្ជមានមួយដែលទេីបសម្រេចបាន​ និងជាដំណឹងដ៏រីករាយ​ សម្រាប់លោកម៉ះផល​ និងក្រុមគ្រួសារ​ ជាពិសេសកូនៗរបស់លោក​ ក្រោយពីបែកគ្នា​ និងខកខានមិនបានទាក់ទងគ្នា​ អស់រយ:ពេលជាងមួយខែកន្លងមក។

ករណីលោកម៉ះផលនឹងត្រូវឆ្លងកាត់នីតិវិធីតាមផ្លូវតុលាការ​ ជាបន្តបន្ទាប់ទៀតនៅសហរដ្ឋអាមេរិក​។​

រាជរដ្ឋាភិបាលកម្ពុជា​នឹងបន្តផ្តល់ជំនួយផ្លូវច្បាប់​ និងការគាំទ្រចាំបាច់ដល់លោកម៉ះផល​ រហូតសំណុំរឿងនេះឈានដល់ទីបញ្ចប់​ ដេីម្បីស្វែងរកយុត្តិធម៌​ជូនលោក។

លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ ត្រូវបានអាជ្ញាធរអាមេរិកចាប់ខ្លួន ក្នុងពេលដែលលោកធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិក ទៅចូលរួមកិច្ចប្រជុំអនុសញ្ញាសាយតេស ( CITES) នៅប្រទេសប៉ាណាម៉ា។លោកត្រូវបានចោទប្រកាន់ពីបទសមគំនិត ក្នុងការរត់ពន្ធសត្វស្វាក្តាម ទៅសហរដ្ឋអាមេរិក។

ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទធ្លាប់បានបញ្ជាក់កាលពីពេលថ្មីៗនេះថា សត្វស្វាក្តាម ត្រូវបានចិញ្ចឹមនៅកម្ពុជា តាំងពីឆ្នាំ២០០៥ ហើយត្រូវបាននាំចេញសម្រាប់គោលដៅវេជ្ជសាស្រ្ត ជាពិសេសសម្រាប់ដំណាក់ការធ្វើពិសោធន៍ ដើម្បីផលិតឱសថ វ៉ាក់សាំង ឬគ្រឿងសំអាង។ សត្វស្វាក្តាមដែលត្រូវបាននាំចេញទាំងនេះ មិនមែនត្រូវបានចាប់ពីព្រៃ ហើយបញ្ជូនចេញទៅក្រៅប្រទេសនោះទេ។ ចំណែកកសិដ្ឋានដែលចិញ្ចឹមសត្វស្វាក្តាមទាំងនេះទៀតសោត ទម្រាំទទួលបានការទទួលស្គាល់ផ្លូវច្បាប់ គឺសុទ្ធតែតម្រូវឱ្យគោរពតាមបទដ្ឋានអនាម័យ និងវិធីសាស្រ្តចិញ្ចឹមត្រឹមត្រូវ ដើម្បីរក្សាឱ្យបាននូវហ្សេនេទិក របស់វាមិនឱ្យផុតពូជនោះឡើយ៕

Share.