ភ្នំពេញ ៖ រថយន្តFordមួយគ្រឿងបើករៀបបត់ឆ្លងផ្លូវ ត្រូវបានរថយន្តកុងតឺន័របើកស្របទិសជ្រុលកៀរ រងខូចខាតដំណំ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ខាងមុខផ្សារជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ រថយន្តFord ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BO-6596 បើកតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ដល់ចំណុចកើតហេតុ បម្រុងបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែរថយន្តកុងតឺន័រ ពណ៌ខៀវ ម៉ាក ASIA GRANTO ពាក់ស្លាកលេខ ព្រះសីហនុ 3A-5644 អូស សណ្តោងរុឺម៉កផ្ទុកកុងតឺន័រ ពាក់ស្លាកលេខ ព្រះសីហនុ 4A-1047 បើកពីកើតទៅលិច ល្បឿនលឿន ជ្រុលកៀរបណ្តាលឲ្យរងការខូចខាតដំណំ ។

ករណីគ្រោះថ្នាក់ចរាចរខាងលើក្រោយកើតហេតុ សមត្ថកិច្ចចុះយករថយន្តទាំង២គ្រឿងដាក់កៀនខាង ដើម្បីកុំឲ្យកកស្ទះចរាចរ ទុកឱកាសឲ្យភាគីសងខាងនិយាយគ្នា ទីបំផុត សម្រេចចែកផ្លូវគ្នាយករថយន្តទៅជួសជុលរៀងខ្លួន ដើម្បីបញ្ចប់រឿង ៕

អត្ថបទ៖តាតុង សែនជ័យ

Share.