ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍នៅថ្ងៃ ពុធ នេះថា មនុស្សម្នាក់បានស្លាប់ក្នុងអំឡុងពេលយានយន្ដជាង ២០០គ្រឿង បុកបន្ដកន្ទុយគ្នានៅលើស្ពានហាយវ៉េមួយខ្សែស្ថិតនៅទីក្រុង Zhengzhou នៃខេត្ត Henan ភាគកណ្ដាលប្រទេស ចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព៍ត៌មាន CNA នាថ្ងៃ ពុធ ទី ២៨ ខែ ធ្នូ ឆ្នាំ ២០២២។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងដោយសារតែចុះអ័ព្ទខ្លាំង ធ្វើឲ្យអ្នកបើកបរមើលមិនឃើញ។

CCTV បានដកស្រង់សំដីអាជ្ញាធរទីក្រុង Zhengzhou ថា «នៅព្រឹកថ្ងៃ ពុធ នេះ មានអ័ព្ទកើតឡើងភ្លាមៗនៅលើស្ពាន Yellow River Bridge ដែលបណ្ដាលឲ្យមានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បុកបន្ដកន្ទុយរថយន្ដរាប់រងគ្រឿងនេះ»។

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនបានឲ្យដឹងថា អ្នករងរបួសជាច្រើននាក់បានជាប់ក្នុងរថយន្ដរបស់ពួកគេ ហើយនាយកដ្ឋានពន្លត់អគ្គីភ័យបានបញ្ជូនរថយន្ដពន្លត់អគ្គីភ័យចំនួន ១១គ្រឿង និង បុគ្គលិកសង្រ្គោះចំនួន ៦៦នាក់ ទៅកន្លែងកើតហេតុភ្លាមៗដើម្បីជួយសង្រ្គោះ។

ទាក់ទិននឹងបញ្ហានេះ សេវាឧតុនិយមក្នុងប្រទេសចិនបានឲ្យដឹងថា កាលពីព្រឹកថ្ងៃ ពុធ នេះ នៅតំបន់ជាច្រើនគឺមិនអាចមើលទៅមុខឃើញរហូតដល់ទៅ ៥០០ម៉ែត្រឡើយ ហើយពេលខ្លះនឹងបន្ដទម្លាក់ចម្ងាយចុះមកនៅត្រឹមក្រោម ២០០ម៉ែត្រប៉ុណ្ណោះ ដោយសារតែការចុះអ័ព្ទខ្លាំងខុសប្រក្រតី។

សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍ គឺជារឿងធម្មតានៅក្នុងប្រទេសចិន ដោយសារតែកង្វះការគ្រប់គ្រងសុវត្ថិភាព ដោយកាលពីខែ កញ្ញា មានអ្នកដំណើរចំនួន ២៧នាក់បានស្លាប់ បន្ទាប់ពីរថយន្ដក្រុងដឹកពួកគេទៅកាន់កន្លែងចត្តាឡីស័ក ឆ្ពោះទៅខេត្ត Guizhou បានក្រឡាប់នៅលើផ្លូវហាយវ៉េដូចគ្នា៕

ប្រភព៖ CNA

Share.