ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បាននិយាយនៅថ្ងៃ ពុធ នេះថា ការបង្កហេតុណាមួយរបស់កូរ៉េខាងជើង ចាំបាច់ត្រូវតែទទួលបានការឆ្លើយតបដោយគ្មានការស្ទាក់ស្ទើរ ទោះបីជាប្រទេសនោះមានអាវុធនុយក្លេអ៊ែរក៏ដោយ ការលើកឡើងបែបនេះកើតឡើងបន្ទាប់ពីមានការឈ្លានពានដោយយន្ដហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ពុធ ទី ២៨ ខែ ធ្នូ ឆ្នាំ ២០២២។

យន្ដហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើងចំនួន ៥គ្រឿង បានឆ្លងចូលទៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃ ច័ន្ទ ដើមសប្ដាហ៍ ដោយជំរុញឲ្យយោធាកូរ៉េខាងត្បូងចល័តយន្ដហោះចម្បាំង និង ឧទ្ធម្ភាគចក្រ ដើម្បីព្យាយាមបាញ់ទម្លាក់ពួកវា នៅក្នុងការឈ្លានពានដែនអាកាសលើកដំបូងចាប់តាំងពីឆ្នាំ២០១៧។

លោក Yoon បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយជំនួយការរបស់លោកថា «យើងត្រូវតែដាក់ទណ្ឌកម្ម និង សងសឹកប្រឆាំងនឹងការបង្កហេតុណាមួយដោយកូរ៉េខាងជើង ព្រោះនេះគឺជាមធ្យោបាយដ៏មានឥទ្ធិពលបំផុតក្នុងទប់ស្កាត់កុំឲ្យមានការបង្កហេតុតទៅទៀត»។ លោកប្រធានាធិបតីបន្ដទៀតថា «យើងមិនត្រូវភ័យខ្លាច ឬ ស្ទាក់ស្ទើរ ដោយសារកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរនោះទេ»។

ការឈ្លានពានដែនអាកាសដោយយន្ដហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើង កាលពីថ្ងៃ ច័ន្ទ បានបង្កឲ្យមានការរិះគន់ធ្ងន់ៗចំពោះភាពបរាជ័យ ដោយបណ្ដោយឲ្យយន្ដហោះគ្មានមនុស្សបើកកូរ៉េខាងជើងហោះហើរដោយសេរីនៅលើទីក្រុងមួយចំនួនក្នុងប្រទេសកូរ៉េខាងត្បូង ជាច្រើនម៉ោង។

យ៉ាងណាម៉ិញ យោធារបស់កូរ៉េខាងត្បូងក៏បានចេញមុខសុំទោស ហើយនិយាយថា ខ្លួនមិនអាចបាញ់យន្ដហោះគ្មានមនុស្សបើកបានទេដោយសារតែវាតូចពេក ប៉ុន្ដែយើងក៏បានបញ្ជូនយន្ដហោះគ្មានមនុស្សបើករបស់ខ្លួនហោះឆ្លងកាត់កូរ៉េខាងជើងរយៈពេល ៣ម៉ោងវិញ។

គួររំលឹកថា ទំនាក់ទំនងរវាងកូរ៉េខាងជើង និង សម្ព័ន្ធមិត្តអាមេរិក គឺកូរ៉េខាងត្បូង មានភាពរកាំរកូសរាប់ទសវត្សរ៍មកហើយ ប៉ុន្ដែភាពតានតឹងបានកើនឡើងកម្ដៅកាន់តែខ្លាំងចាប់តាំងពីរដ្ឋាភិបាលអភិរក្សនិយមរបស់លោក Yoon បានឡើងកាន់អំណាចកាលពីខែ ឧសភា ជាមួយការសន្យាប្រកាន់ជំហររឹងមាំជាងមុនចំពោះទីក្រុង ព្យុងយ៉ាង។

ទោះបីជាយ៉ាងណាក្ដី កូរ៉េខាងជើងក៏បាននឹងកំពុងបន្ដអភិវឌ្ឍន៍អាវុធរបស់ខ្លួនជាមួយនឹងការបាញ់សាកល្បងមីស៊ីលជាច្រើនមិនធ្លាប់មាននៅក្នុងឆ្នាំនេះ ចំពេលដែលមានការរំពឹងទុកថា ខ្លួនអាចសាកល្បងអាវុធនុយក្លេអ៊ែរជាលើកទី៧។

ដោយឡែកកាលពីព្រឹកថ្ងៃ ពុធ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសពីគម្រោងចំណាយប្រាក់ចំនួន ៥៦០ពាន់លានវ៉ុន (៤៤១.២៦លានដុល្លារអាមេរិក) ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដើម្បីកែលម្អការការពារប្រឆាំងនឹងយន្ដហោះគ្មានមនុស្សបើក រួមទាំងការអភិវឌ្ឍអាវុធឡាស៊ែរនៅលើអាកាស និង ឧបករណ៍រារាំងសញ្ញា។ ជាមួយគ្នាកូរ៉េខាងត្បូងក៏នឹងពង្រឹងសមត្ថភាពយន្ដហោះគ្មានមនុស្សបើករបស់ខ្លួនផងដែរ ខណៈការចំណាយលើវិស័យការពារជាតិត្រូវបានអនុម័តដោយសភា៕

ប្រភព៖ CNA

Share.