បាត់ដំបង÷ ករណីត្រីអណ្តែងងាប់ច្រើននៅក្នុងតំបន់អភិរក្សរាំងពេន ៣ត ខេត្តបាត់ដំបង មន្ត្រីជំនាញជលផលបញ្ជាក់ថាប៉ះពាល់ដោយធម្មជាតិ។

លោក ជួង សុភា ប្រធានជលផលបាត់ដំបងបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២២នេះថា÷ ហ្វូងមច្ឆជាតិប្រភេទត្រីអណ្តែងដែលភាគច្រើនមានអាយុពី ៤ ទៅ ៥ខែងាប់ច្រើននេះអាចបណ្តាលមកពីកត្តាធម្មជាតិធំៗចំនួន ៣ ក្នុងនោះទី ១ អាចមកពីអាកាសធាតុប្រែប្រួលឡើងមេឃក្តៅស្អុះស្អាប់ដែលច្រើនបង្កបញ្ហាដល់ហ្វូងត្រីនៅពេលព្រឹកជិតភ្លឺបង្កឲ្យត្រីខ្វះអុកស៊ីសែន និងហៅម៉្យាងទៀតថាត្រីស៊ីសម( ពុល ), កត្តាទី ២ អាចបណ្តាលមកពីត្រីច្រើនចង្អៀតពេក និងកត្តាទី ៣ អាចមកពីទឹកក្អក់ដោយសារមានស្លឹកឈើច្រើន កម្ទេចកម្ទីររុក្ខជាតិរលួយកកខាប់ខ្លាំងនៅក្នុងបឹងផ្តល់ពន្លឺមិនបានគ្រប់គ្រាន់ ទើបជាហេតុនាំឲ្យហ្វូងត្រីប្រឈមនឹងការប៉ះពាល់ ឬងាប់។

មន្ត្រីខាងលើបានផ្តល់ដំណោះស្រាយផ្អែកតាមជំនាញបច្ចេកទេសដោយលើកឡើងដែរថា÷ ការប៉ះពាល់ដោយធម្មជាតិក្នុងហេតុការណ៍ត្រីងាប់នេះមានវិធីសាស្ត្រដោះស្រាយមួយចំនួនរួមមាន: នៅព្រឹកព្រហាមត្រូវបូមទឹកបាញ់ឡើងលើដើម្បីឲ្យទឹកបែកខ្ចាយផ្តល់អុកស៊ីសែនគ្រប់គ្រាន់ជួយដល់ត្រី, វិធីបូមទឹកចាស់ចេញខ្លះហើយយកទឹកថ្មីបូមចូលផ្លាស់ប្តូរទឹក និងអាចកាប់មេឃឈើដែលដុះក្នុងទឹក ឬទន់ទេរស្អេកស្កះទៅរកទឹកឲ្យស្រឡះផ្តល់អុកស៊ីសែន និងពន្លឺបានគ្រប់ល្អ។

សត្វត្រីអណ្តែងនៅក្នុងដែនអភិរក្ស រាំងពេន ៣ត ដែលលាតសន្ធឹងរាប់សិបហិកបានងាប់យ៉ាងច្រើនបន្តបន្ទាប់គ្នាចាប់តាំងពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២មកដែលភាគច្រើនមានអាយុប្រមាណជា ៤ ទៅ ៥ខែ និងក្នុងមួយក្បាលៗមានទម្ងន់ពី ២ ទៅ៣ខាំ៕

អត្ថបទ÷ ដំបងក្រញូង

Share.