បន្ទាយមានជ័យ៖ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ព្រះសង្ឃនិងប្រជាពលរដ្ឋជិត១០០អង្គ/នាក់ នាំគ្នាមកតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យ ដើម្បីគ្រាំទ្រព្រះគ្រូចៅអធិការវត្តចារថ្មី មិនឲ្យដកចេញពីវត្ត ។

តាមប្រជាពលរដ្ឋដែលមកតវ៉ាបានលើកឡើងថា មូលហេតុដែលពួកគាត់រួមព្រះសង្ឃមកតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យ សុំឲ្យអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី ជួយអន្តរាគមន៍មិនឲ្យដក ឬរំសាយព្រះគ្រូចៅអធិការវត្តចារថ្មី នៅឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី។

ក្រុមប្រជាពលរដ្ឋបានបន្តទៀតថា មូលហេតុកើតឡើង គឺបណ្តាលមកពីគណៈកម្មការ និងអាចារ្យវត្តចារថ្មី បានយកលុយអង្គកឋិនសាមគ្គីនិងដង្ហែរផ្កាប្រាក់ ដែលមានប្រាក់បាតចំនួន១៣ម៉ឺនបាត និងប្រាក់រៀល២៣លានរៀលមិនឃើញយកប្រគល់ជូនព្រះគ្រូចៅអធិការវត្តកសាងវត្ត ទើបម្ចាស់អង្គកឋិនទានបានទារលុយយកមកប្រគល់ជូនចៅអធិការវត្តដើម្បីកសាងវត្ត ទើបធ្វើឲ្យគណៈកម្មការនិងអាចារ្យវត្តខឹងបានសុំទៅមន្ត្រីសង្ឃនិងអាជ្ញាធរស្រុក/ឃុំ ដើម្បីដកព្រះគ្រូចៅអធិការវត្តចារថ្មី ទាំងអយុត្តិធម៌ដូចជាខឹងគោវ៉ៃរទេះ។

លោក បៀល ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ បានប្រាប់ថា មន្ត្រីសង្ឃនិងអាជ្ញាធរស្រុក/ឃុំបានប្រជុំសម្រេចរំសាយព្រះគ្រូចៅអធិការវត្តចារថ្មី និងគណៈកម្មការអាចាវត្ត ក្រោយពីមានអធិករឿងលុយកឋិនទាន។

លោកបានបញ្ជាក់ថា ក្រោយពីវត្តមានអធិកក្នុងវត្តដែលប៉ះពាល់ដល់សាសនាដែលជាសាសនារដ្ឋ ទើបមន្ទីរធម្មការនិងសាសនាខេត្ត និងស្រុកមង្គលបូរី ឃុំគោកបល្ល័ង្គបានប្រជុំសម្រេចរំសាយទាំងចៅអធិការវត្តនិងគណកម្មការអាចារ្យវត្ត ដើម្បីរៀបចំព្រះគ្រូចៅអធិការ និងគណកម្មការអាចារ្យថ្មីបម្រើលើវិស័យសាសនា៕

អត្ថបទ÷ប៉ោយប៉ែត

Share.