យ៉ាងហោចណាស់មនុស្ស ១៤នាក់បានស្លាប់ និង ២៩នាក់រងរបួស បន្ទាប់ពីរថយន្ដមួយគ្រឿងបុកកចូលហ្វូងមនុស្សក្នុងអំឡុងពិធីបុណ្យដ៏ពេញនិយមមួយនៅប្រទេស នីហ្សេរីយ៉ា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Daily mail នាថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ ធ្នូ ឆ្នាំ ២០២២។

អ្នកបើកបររថយន្ដ Toyota Camry ត្រូវបានគេយល់ថា បានបាត់បង់ម្ចាស់ការលើការគ្រប់គ្រងរថយន្ដនៅលើដងផ្លូវដ៏កកកុញក្នុងទីក្រុងភាគខាងត្បូង Calabar នៃរដ្ឋ Cross River ខណៈមនុស្សជាច្រើនកំពុងប្រមូលផ្ដុំដើម្បីមើលក្បួនដង្ហែរបស់អ្នកជិះម៉ូតូនៅឯពិធីបុណ្យ Calabar។ មានសាកសពជាច្រើនបានរាយប៉ាយពេញផ្លូវ បន្ទាប់ពីមានគេបង្ហោះរូបភាពដ៏រន្ធត់ទាំងនេះនៅតាមអ៉ីនធឺណិត។

លោក Maikano Hassan មេបញ្ជាការមូលដ្ឋាននៃអង្គភាពសុវត្ថិភាពផ្លូវសហព័ន្ទ បាននិយាយថា «រថយន្ដនេះបានធ្វើដំណើរក្នុងល្បឿនលឿន ពេលបើកឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាព ហើយបានបុករះចូលហ្វូងមនុស្សតែម្ដង»។

ក្មេងស្រី ៣នាក់ និង ក្មេងប្រុស ២នាក់ ត្រូវបានគេដឹងថា ស្ថិតក្នុងចំណោមអ្នករងរបួសក្នុងហេតុការណ៍នេះ។

ទន្ទឹមនោះ អភិបាលក្រុង Cross River លោក Ben Ayade បានបញ្ជាឲ្យក្បួនដង្ហែរត្រូវលុបចោលភ្លាមៗ ហើយអ្នកបើកបរត្រូវបានចាប់ខ្លួនក្នុងស្ថានភាពស្រវឹង។

យ៉ាងណាម៉ិញអភិបាលក្រុងបានសម្ដែងការសោកស្ដាយ និង រំលែកទុក្ខដល់ជនរងគ្រោះ និង ក្រុមគ្រួសារ ហើយបានបញ្ជាឲ្យមានការស៊ើបអង្កេតជាបន្ទាន់លើករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ។

សូមជម្រាបថា តួអង្គនៃការប្រារព្ធពិធីនេះគឺ ក្រុមអ្នកជិះម៉ូតូ ដោយពិធីនេះត្រូវបានគេស្គាល់ថា ជាពិធីជប់លៀងតាមដងផ្លូវធំបំផុតមួយរបស់ទ្វីបអាហ្វ្រិក និង ជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ប្រជាជនទូទាំងប្រទេស នីហ្សេរីយ៉ា ឬ អាចមានអ្នកចូលរួមមកពីប្រទេសក្រៅ ចាប់តាំងពីពិធីនេះបានចាប់ផ្ដើមនៅក្នុងឆ្នាំ២០០៤៕

ប្រភព៖ Daily mail

Share.