កាលពីយប់ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ២០២២ មានកើតហេតុការណ៍ភ្លើងឆេះកាស៊ីណូ Grand Diamond ដែលជាកាស៊ីណូដ៏ធំមួយក្នុងចំណោមកាស៊ីណូទាំង១០ នៅតំបន់បោយប៉ែត។ អណ្ដាតភ្លើងបានលេបត្របាក់អគារដ៏ធំជាង១០ម៉ោង ទើបអាជ្ញាធរអាចពន្លត់ភ្លើងបានដោយជោគជ័យ។ តើលោកអ្នកចង់ដឹងទេថា អ្នកណាគឺជាម្ចាស់កាស៊ីណូយក្សមួយនេះ?

បើតាមការផ្សព្វផ្សាយដោយកាសែត NationTV ម្ចាស់កាស៊ីណូ Grand Diamond គឺលោក វ៉ាន់ណា អាត់ស្វាក់ហេម (วัฒนา อัศวเหม Wattana Asavahame) ដែលជាអតីតអ្នកនយោបាយល្បីឈ្មោះរបស់ប្រទេសថៃ។

កាស៊ីណូដែលមានម្ចាស់ជាជនជាតិថៃនេះមានទីតាំងនៅទល់មុខផ្សាររោងក្លឿ មានចម្ងាយពីច្រកព្រំដែនប្រមាណ១០០-២០០ម៉ែត្រ មានបុគ្គលិកបម្រើការងារជាជនជាតិថៃជាច្រើននាក់។

ក្រៅពីជាម្ចាស់កាស៊ីណូ Grand Diamond ហើយនោះ លោក វ៉ាន់ណា ក៏ជាម្ចាស់ Poipet Resort ផងដែរ។ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ កម្មវិធី Inside Thailand បានផ្សាយថា លោកវ៉ាន់ណា ធ្លាប់ប្រកាសលក់ទីតាំងទាំងពីរកន្លែងខាងលើនេះដោយតម្លៃ១.២ម៉ឺនលានបាត ដោយសារស្ថានភាពរកចំណូលនៅតំបន់បោយប៉ែតធ្លាក់ចុះ។

បច្ចុប្បន្នលោក វ៉ាន់ណា កំពុងស្ថិតក្នុងការតាមចាប់ខ្លួនពីសមត្ថកិច្ចថៃ ដោយសារលោកមានជាប់ពាក់ព័ន្ធនឹងករណីពុករលួយ ហើយបានរត់ភៀសខ្លួនចេញពីប្រទេសថៃ ប៉ុន្តែកាសែតខាងលើមិនបានបញ្ជាក់នោះទេថា លោកកំពុងស្ថិតនៅទីណា ឬប្រទេសណា៕

ប្រភព៖ NationTV, Inside Thailand

អត្ថបទ៖ លួង ភីរ៉ូនីកា

Share.