ក្រុមមន្រ្តីរបស់អ៊ុយក្រែនបាននិយយថា រលកនៃការប្រើប្រាស់យន្ដហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានបើកការវាយប្រហារជាបន្តបន្ទាប់ និង កំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ពីរដ្ឋធានី កៀវ របស់ប្រទេស អ៊ុយក្រែន និង តំបន់ជុំវិញនោះនាថ្ងៃ ច័ន្ទ ដើមសប្ដាហ៍នេះ ដោយធ្វើឲ្យខូចខាតដល់កន្លែងផលិតថាមពលអគ្គិសនី និង បណ្ដាលឲ្យដាច់ចរន្ដអគ្គិសនីនៅតំបន់មួយចំនួន ខណៈរុស្ស៊ីបានបន្ដទម្លាក់គ្រាប់បែក ២ថ្ងៃ ជាប់ៗគ្នា រហូតដល់ថ្ងៃទី ២ នៃឆ្នាំ ២០២៣នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ច័ន្ទ ទី ០២ ខែ មករា ឆ្នាំ ២០២៣។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃ អាទិត្យ ចុងឆ្នាំ២០២២ ថា កងកម្លាំងអ៊ុយក្រែនបានបាញ់ទម្លាក់យន្ដហោះគ្មានមនុស្សបើក Shahed ផលិតដោយអ៉ឺរ៉ង់ចំនួន ៤៥គ្រឿង ដែលរុស្ស៊ីបានបាញ់កាលពីយប់ដំបូងនៃឆ្នាំ២០២៣នេះ។

បើតាមរដ្ឋបាលយោធាអ៊ុយក្រែនបាននិយាយថា គិតត្រឹមម៉ោង ៣ទៀបភ្លឺ (ម៉ោងក្នុងស្រុក) ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់យន្ដហោះគ្មានមនុស្សបើកចំនួន២០ នៅលើដែនអាកាសនៃរដ្ឋធានី Kyiv។

អភិបាលរដ្ឋធានី Kyiv​ លោក Oleksiy Kuleba បានសរសេរនៅលើបណ្ដាញសង្គម Telegram ថា «មានសំឡេងផ្ទុះយ៉ាងខ្លាំងនៅក្នុងរដ្ឋធានី និង តំបន់នៅជុំវិញដោយសារការវាយប្រហារពីយន្ដហោះគ្មានមនុស្សបើក Shahed ដែលកងទ័ពរបស់រុស្ស៊ីបញ្ជូនមកបាញ់កម្ទេច ដោយផ្ដោតលើគោលដៅហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ»។

ស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺឡើងក្នុងរយៈពេលជាង ៣ម៉ោង ហើយកំទេចកំទីពីយន្ដហោះគ្មានមនុស្សបើកដែលបាញ់ទម្លាក់បានធ្លាក់នៅភាគឥសាន្ដនៃរដ្ឋធានី ដោយបណ្ដាលឲ្យមនុស្សម្នាក់រងរបួស។

បន្ថែមពីលើនេះ យោធាអ៊ុយក្រែនប្រចាំតំបន់ភាគខាងកើតនៃប្រទេស ក៏បានអះអាងផងដែរថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យន្ដហោះដ្រូនអ៉ីរ៉ង់ Shahed ចំនួន ៩គ្រឿង នៅលើដែនអាកាសនៃតំបន់ ឌីនីប្រូប៉េត្រូវស្កិ៍ (Dnipropetrovsk) និង ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) នៅព្រឹកព្រលឹមថ្ងៃចន្ទនេះផងដែរ៕

ប្រភព៖ CNA

Share.