នាថ្ងៃច័ន្ទ ទី ០២ ខែ មករា ដើមឆ្នាំនេះ ព្រះចៅអធិរាជជប៉ុន Naruhito បានបង្ហាញព្រះរាជវត្តមានស្វាគមន៍ឆ្នាំថ្មីជាសាធារណៈលើកដំបូង ចាប់តាំងពីឆ្នាំ ២០២០ ដែលបានបន្ដការប្រារព្ធពិធីបុណ្យប្រពៃណីប្រចាំឆ្នាំដោយការប្រុងប្រយ័ត្ន ខណៈប្រទេសជាតិ និង ព្រះរាជវង្សានុវង្សបានវិលមករកភាពប្រក្រតីវិញជាបណ្ដើរៗ ក្រោយបរិបទកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ច័ន្ទ ទី ០២ ខែ មករា ឆ្នាំ ២០២៣។

ព្រះចៅអធិរាជ Naruhito និង ព្រះអគ្គមហេសី Masako បានបង្ហាញព្រះរាជវត្តមាននៅយ៉រខាងមុខព្រះរាជវាំងដើម្បីថ្លែងសារ និង ស្វាគមន៍ប្រជាជននាឱកាសឆ្លងឆ្នាំសកល។

បើតាមការិយាល័យរាជវាំងជប៉ុន ព្រះចៅអធិរាជ Naruhito ត្រូវបានអមព្រះរាជវត្តមានដោយរាជវង្សានុវង្សជប៉ុនដទៃទៀតរួមទាំងព្រះមហេសី Masako និង ព្រះរាជបិតាទ្រង់ គឺអតីតព្រះចៅអធិរាជ Akihito ដែលបានដាក់រាជ្យកាលពីឆ្នាំ ២០១៩។ ចំណែកព្រះបុត្រីរបស់ទ្រង់គឺ ព្រះនាង Aiko ដែលមានព្រះជន្ម ២១ព្រះវស្សា ក៏បានចូលរួមបង្ហាញព្រះរាជវត្តមានជាលើកដំបូងផងដែរ។

យ៉ាងណាម៉ិញ មានការបោះឆ្នោតឲ្យជ្រើសរើសចូលរួមក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំថ្មីលើកនេះ ដោយមនុស្សប្រហែល ១,៥០០នាក់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងវិមានដ៏ធំ ដើម្បីថ្វាយព្រះពរ និង អបអរឆ្នាំថ្មី ខណៈប្រទេស ជប៉ុន កំពុងខិតខំប្រឹងប្រែងការពារការរីករាលដាលនៃមេរោគកូវីដ១៩ ដែលកន្លងមកបានអនុញ្ញាតឲ្យមានអ្នកចូលរួមរហូតដល់រាប់ម៉ឺននាក់ឯណោះ។

ថ្លែងទៅកាន់ប្រជាជនរាប់ពាន់នាក់ នៅព្រះរាជវាំងក្នុងទីក្រុង តូក្យូ ព្រះចៅអធិរាជ Naruhito មានព្រះបន្ទូលថា «ការឆ្លងរាតត្បាត នៃជំងឺកូវីដ១៩ បានបង្កផលលំបាកជាខ្លាំងដល់អ្នករាល់គ្នា នាពេលកន្លងមកនេះ ប៉ុន្តែខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលអាចមកស្វាគមន៍អ្នកទាំងអស់គ្នាសាជាថ្មីវិញ។ យើងបានឆ្លងកាត់ទុក្ខលំបាកជាច្រើន ប៉ុន្តែខ្ញុំសង្ឃឹមថាឆ្នាំថ្មីនេះ នឹងប្រកបដោយភាពសុខសាន្តហើយល្អប្រសើរសម្រាប់គ្រប់គ្នា ហើយស្របពេលនៃការចាប់ផ្តើមឆ្នាំនេះ ខ្ញុំសូមបួងសួងប្រជាជន នៅក្នុងប្រទេសជប៉ុនផ្ទាល់ និងនៅទូទាំងពិភពលោក ជួបតែសុភមង្គល»។

សូមជម្រាបថា ជប៉ុនបានជួបប្រទះនូវរលកនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាលើកទី៨ របស់ខ្លួន កាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅពេលដែលករណីឆ្លងប្រចាំថ្ងៃ បានកើនលើស ១០០,០០០នាក់។ បើតាមគិតចាប់តាំងពីកូវីដផ្ទុះឡើងដំបូង ប្រទេសជប៉ុនបានកត់ត្រាករណីឆ្លងសរុបប្រហែល ៣០លាននាក់ ក្នុងនោះករណីស្លាប់ជិត៦០,០០០នាក់ ទន្ទឹមនោះ ជប៉ុនបានលុបចោលការរឹតត្បិតភាគច្រើន លើអ្នកដំណើរមកពីក្រៅប្រទេស កាលពីខែតុលា ឆ្នាំដដែល៕

ប្រភព៖ CNA

Share.