ឧទ្ធម្ភាគចក្រចំនួន ២គ្រឿង បានបុកគ្នាលើអាកាសសម្លាប់មនុស្ស ៤នាក់ នារសៀលថ្ងៃ ច័ន្ទ នេះ នៅក្នុងរដ្ឋ Queensland ភាគខាងកើតប្រទេស អូស្រ្តាលី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ច័ន្ទ ទី ០២ ខែ មករា ឆ្នាំ ២០២២។

ប៉ូលីសបាននិយាយថា ហេតុការណ៍នេះកើតឡើងនៅក្បែររីសតដ៏ពេញនិយមមួយកន្លែងឈ្មោះថា Sea World ស្ថិតក្នុងទីក្រុង Gold Coast ដោយបានបណ្ដាលឲ្យមនុស្ស ៤នាក់ស្លាប់ ខណៈមនុស្ស ៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និង ៦នាក់ទៀតរងរបួសស្រាល។

ឧទ្ធម្ភាគចក្រ ១គ្រឿងបានខូចខាតទាំងស្រុងហើយបានធ្លាក់នៅលើឆ្នេរខ្សាច់ ចំណែកឧទ្ធម្ភាគចក្រ ១គ្រឿងទៀត បានរងការខូចខាតមធ្យមប៉ុន្ដែនៅអាចចុះចតបាន។

លោក Gary Worrell អធិការស្ដីទីនៃសេវាកម្មប៉ូលីសនៅរដ្ឋ Queensland បានប្រាប់សន្និសីទសារព័ត៌មាននៅកន្លែងកើតហេតុថា «នៅពេលបុកគ្នា យន្ដហោះទាំង២នោះបានធ្លាក់ ហើយបានចុះចតនៅលើច្រាំងឆ្នេរខ្សាច់ក្បែររីសត Sea World»។

ទាក់ទិននឹងបញ្ហានេះ ការិយាល័យសុវត្ថិភាពដឹកជញ្ជូនរបស់ប្រទេស អូស្រ្តាលី បានបើកការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ ដែលបានហៅថាជា «ការប៉ះទង្គិចគ្នានៅកណ្ដាលអាកាស នឹកស្មានមិនដល់»។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយបានឲ្យដឹងថា ក្រុមអ្នកស៊ើបអង្កេតលើឧបទ្ទវហេតុនេះនឹងមកដល់ក្នុងពេលឆាប់ៗនេះ ដើម្បីពិនិត្យបំណែកយន្ដហោះ និង ធ្វើផែនទីទីតាំង ក៏ដូចជាការស្រង់យកសមាសធាតុសម្រាប់ការពិនិត្យ។

សូមជម្រាបថា ខាងអាជ្ញាធរអូស្រ្តាលី បានឲ្យដឹងថា នាពេលនេះ ពួកគេកំពុងស៉ើបអង្កេតលើ មូលហេតុដែលបង្ក ឲ្យឧទ្ធម្ភាគចក្របុកគ្នា ខណៈសាក្សីមួយចំនួន បានអះអាងថា មុនពេលកើតហេតុ ឧទ្ធម្ភាគចក្រ១គ្រឿង ហាក់កំពុងតែព្យាយាមហោះឡើង រីឯ១គ្រឿងទៀតកំពុងព្យាយាមចុះចត។ អ្នកដែលរងរបួសទាំងអស់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយគេសង្ស័យថា ឧទ្ធម្ភាគចក្រទាំង ២គ្រឿងខាងលើ ទំនងជាកម្មសិទ្ធិរបស់ រីសត Sea World ផ្ទាល់៕

ប្រភព៖ CNA

Share.