ក្លិបបាល់ទាត់ហង្សក្រហម Liverpool បានរងបរាជ័យក្រោមថ្វីជើង Brentford ក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋាន Gtech Community នៃក្របខណ្ឌកំពូលរបស់ប្រទេសអង់គ្លេស English Premier League 2022/23 នៅរាត្រីថ្ងៃទី០៣ ខែមករា។

នេះគឺជាបរាជ័យលើកទី៥ ក្នុងចំណោម១៧ប្រកួត របស់ក្លិប Liverpool ក្រោមការដឹកនាំរបស់លោក Jurgen Klopp នៅ Premier League ដោយឈ្នះ៨ និងស្មើ៤ មាន២៨ពិន្ទុ ស្ថិតនៅលេខរៀងទី៦។

Brentford 3-1 Liverpool

ស្របពេលថ្មីៗនេះខ្សែ​ប្រយុទ្ធហូឡង់​ Cody Gakpo យល់ព្រម​ចាកចេញពីក្លិប PSV Eindhoven ចូលរួមជាមួយ Liverpool ​ក្នុង​តម្លៃ​ចន្លោះ ៤០-៥០លាន​ដុល្លារ​អាមេរិក នៅទីផ្សារដោះដូរកីឡាកររដូវត្រជាក់។

រីឯក្លិប Tottenham Hotspur របស់លោក Antonio Conte បានប្រកួតចាញ់ Aston Villa ២-០ នៅក្នុងដីខ្លួនឯង នៅកីឡដ្ឋាន Tottenham Hotspur Stadium ធ្វើឲ្យធ្លាក់ពីលេខ៤ ទៅឈរលេខ៥ បណ្តោះអាសន្ន ដោយមាន៣០ពិន្ទុក្នុងដៃ។

​ខណ:ក្លិបបាល់ទាត់ Paris Saint-Germain របស់លោក Christophe Galtier ក៏បានបើកឆាកឆ្នាំថ្មីចាញ់​ Lens ក្នុងការ​ប្រកួត Ligue 1 ​លីគលំដាប់ទី១បារាំង ក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋាន Stade Bollaert-Delelis។ បន្ទាប់ពីអវត្តមានតារាឆ្នើម Messi និង Neymar ក្រោយចប់ព្រឹត្តិការណ៍ World Cup 2022 នៅកាតា៕

Share.